យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសប្រភេទសាច់ដែលបរិភោគ អាចមានឥទ្ធិពលលើមេរោគមានប្រយោជន៍ក្នុងពោះវៀន ដែលដើរតួនាទីសំខាន់ក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងជួយការពាររាងកាយ។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Molecular Nutrition and Food Research កាលពីខែកក្កដា ឆ្នាំ២០២៥ បានប្រៀបធៀបឥទ្ធិពលនៃការបរិភោគសាច់គោខ្លាញ់តិច និងសាច់មាន់ស ចំពោះសុខភាពពោះវៀន។
ការសិក្សានេះធ្វើឡើងលើមនុស្សមានសុខភាពល្អចំនួន ១៦ នាក់ ដោយឱ្យពួកគេបរិភោគសាច់គោខ្លាញ់តិច ឬសាច់មាន់សក្នុងអាហារថ្ងៃត្រង់ចំនួន ៣ ដងក្នុងមួយសប្ដាហ៍ រយៈពេល ៨ សប្ដាហ៍។ បន្ទាប់ពីត្រឡប់ទៅញ៉ាំអាហារធម្មតារយៈពេល ៥ សប្ដាហ៍ ពួកគេបានប្ដូរទៅបរិភោគសាច់មួយប្រភេទទៀត។ លទ្ធផលបង្ហាញថា ការបរិភោគសាច់មាន់មានទំនាក់ទំនងនឹងការថយចុះភាពចម្រុះនៃមេរោគក្នុងពោះវៀន និងបាក់តេរីមានប្រយោជន៍មួយចំនួន ខណៈការបរិភោគសាច់គោខ្លាញ់តិចបង្កឱ្យមានការប្រែប្រួលតិចជាង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបរិភោគសាច់គោខ្លាញ់តិចមានទំនោរជួយបង្កើនបាក់តេរីមួយក្រុមឈ្មោះ Blautia ដែលអាចជួយការពារស្រទាប់ស្លេស្មក្នុងពោះវៀន និងកាត់បន្ថយការរលាក។ សាច់គោក៏មានសារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម ស័ង្កសី និងវីតាមីនក្រុម B ដែលអាចជាកត្តាមួយពន្យល់ពីលទ្ធផលនេះ។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវមិនទាន់រកឃើញភាពខុសគ្នាច្បាស់លាស់នៃភាពចម្រុះមេរោគក្នុងពោះវៀនរវាងសាច់ទាំងពីរនោះទេ។
អ្នកជំនាញអាហារូបត្ថម្ភបានណែនាំឱ្យបកស្រាយលទ្ធផលនេះដោយប្រុងប្រយ័ត្ន ព្រោះការសិក្សាមានអ្នកចូលរួមត្រឹមតែ ១៦ នាក់ប៉ុណ្ណោះ ហើយរបបអាហាររបស់ពួកគេក៏មិនត្រូវបានគ្រប់គ្រងទាំងស្រុងដែរ។ ដូច្នេះ មិនអាចសន្និដ្ឋានថាសាច់គោល្អជាងសាច់មាន់សម្រាប់ពោះវៀន ឬអាចជួយការពារជំងឺរ៉ាំរ៉ៃបាននោះទេ។ លទ្ធផលនេះគ្រាន់តែជាតម្រុយសម្រាប់ការស្រាវជ្រាវបន្ថែមប៉ុណ្ណោះ។
ជារួម សាច់គោខ្លាញ់តិច និងសាច់មាន់ស សុទ្ធតែអាចជាផ្នែកមួយនៃរបបអាហារមានតុល្យភាព ប៉ុន្តែសុខភាពពោះវៀនមិនអាស្រ័យលើប្រភេទសាច់តែមួយមុខនោះទេ។ គួរបរិភោគអាហារឱ្យបានចម្រុះ រួមមានបន្លែ ផ្លែឈើ និងធញ្ញជាតិដែលសម្បូរជាតិសរសៃ ព្រមទាំងគ្រប់គ្រងបរិមាណសាច់ និងជ្រើសរើសវិធីចម្អិនដែលមានសុខភាពល្អ ដើម្បីជួយថែរក្សាពោះវៀន និងសុខភាពទូទៅ៕