យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងអាចជួយបំពេញជាតិទឹកក្នុងរាងកាយ ដែលជាកត្តាសំខាន់សម្រាប់ដំណើរការរបស់តម្រងនោម ប៉ុន្តែមិនមែនជាភេសជ្ជៈសម្រាប់លាងសម្អាតតម្រងនោម ឬព្យាបាលជំងឺតម្រងនោមនោះទេ។ ការផឹកទឹកដូងមានសុវត្ថិភាពឬអត់ គឺអាស្រ័យលើមុខងារតម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម ថ្នាំដែលកំពុងប្រើ និងស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ។
ការផឹកទឹកដូងអាចជួយបំពេញជាតិទឹក ជាពិសេសក្រោយបែកញើសច្រើន ក្អួត រាក ឬហាត់ប្រាណខ្លាំង ព្រោះទឹកដូងមានសារធាតុរ៉ែដែលជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។ ការទទួលបានជាតិទឹកគ្រប់គ្រាន់អាចជួយឱ្យទឹកនោមមិនខាប់ពេក និងជួយកាត់បន្ថយហានិភ័យកើតគ្រួសក្នុងតម្រងនោម។ ការសិក្សាដំបូងមួយចំនួនក៏បានរកឃើញថា ទឹកដូងអាចជួយបង្កើនសារធាតុស៊ីត្រាតក្នុងទឹកនោម ដែលអាចរារាំងការកកើតគ្រួសប្រភេទកាល់ស្យូមមួយចំនួន ប៉ុន្តែភស្តុតាងនៅមានកម្រិត និងត្រូវការការសិក្សាបន្ថែម។
ទោះជាយ៉ាងណា ទឹកដូងមានផ្ទុកប៉ូតាស្យូម ដែលជាសារធាតុរ៉ែសំខាន់សម្រាប់សាច់ដុំ សរសៃប្រសាទ និងចង្វាក់បេះដូង។ ប៉ុន្តែចំពោះអ្នកដែលមានមុខងារតម្រងនោមខ្សោយ រាងកាយអាចមិនអាចបញ្ចេញប៉ូតាស្យូមដែលលើសបានគ្រប់គ្រាន់ ដែលអាចធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងឈាមកើនខ្ពស់ និងបង្កគ្រោះថ្នាក់ដល់ចង្វាក់បេះដូង។ ដូច្នេះ អ្នកមានជំងឺតម្រងនោមដំណាក់កាលធ្ងន់ អ្នកលាងឈាម អ្នកមានប៉ូតាស្យូមក្នុងឈាមខ្ពស់ ឬអ្នកមានបញ្ហាតម្រងនោមស្រួចស្រាវ គួរប្រុងប្រយ័ត្នជាពិសេស។ អ្នកដែលប្រើថ្នាំមួយចំនួនសម្រាប់សម្ពាធឈាម និងថ្នាំរក្សាប៉ូតាស្យូម ក៏គួរពិគ្រោះជាមួយគ្រូពេទ្យមុនផឹកជាប្រចាំផងដែរ។
ចំពោះអ្នកដែលមានមុខងារតម្រងនោមធម្មតា ការផឹកទឹកដូងគ្មានជាតិស្ករបន្ថែមក្នុងបរិមាណសមរម្យ ជាទូទៅមានសុវត្ថិភាព។ ទឹកដូងប្រហែល ២៤០ មីល្លីលីត្រ មានថាមពលប្រហែល ៤៤ កាឡូរី ប៉ូតាស្យូម ៤០៤ មិល្លីក្រាម សូដ្យូម ៦៤ មិល្លីក្រាម និងកាបូអ៊ីដ្រាត ១០,៤ ក្រាម។ បរិមាណទាំងនេះអាចប្រែប្រួលទៅតាមម៉ាកផលិតផល ដូច្នេះគួរអានស្លាកសញ្ញា ជ្រើសរើសប្រភេទមិនបន្ថែមស្ករ និងកុំផឹកលើសបរិមាណដែលរាងកាយត្រូវការ។
ជារួម ទឹកដូងអាចជាភេសជ្ជៈមួយសម្រាប់បំពេញជាតិទឹក និងផ្ដល់សារធាតុរ៉ែ ប៉ុន្តែមិនអាចជំនួសទឹកសុទ្ធ ឬការព្យាបាលជំងឺតម្រងនោមបានទេ។ អ្នកធ្លាប់កើតគ្រួសក្នុងតម្រងនោម ឬមានជំងឺតម្រងនោម បេះដូង និងជំងឺទឹកនោមផ្អែម គួរពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណទឹក និងប៉ូតាស្យូមដែលអាចទទួលទានបាន ព្រោះការផឹកទឹកច្រើនពេកក៏អាចមានគ្រោះថ្នាក់ចំពោះអ្នកដែលត្រូវកំណត់បរិមាណជាតិទឹកផងដែរ៕