យោងតាមការចុះផ្សាយពីប្រភពបរទេស ការហាត់ប្រាណបែបពង្រឹងសាច់ដុំ ដូចជាការលើកទម្ងន់ មិនត្រឹមតែជួយបង្កើនសាច់ដុំ និងកាត់បន្ថយខ្លាញ់ក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែអាចជាប់ទាក់ទងនឹងការធ្វើឱ្យសមត្ថភាពផ្លូវភេទរបស់បុរសកាន់តែប្រសើរឡើង ជាពិសេសសមត្ថភាពឡើងរឹងនៃអង្គធាតុបន្តពូជ។ ការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Sexual Medicine Reviews បានប្រមូលទិន្នន័យពីការសិក្សាចំនួន ៣២ ហើយរកឃើញថា អ្នកដែលមានសាច់ដុំរឹងមាំ និងកម្លាំងសាច់ដុំល្អ មានទំនោរមានសុខភាពផ្លូវភេទល្អជាងមុន។
ការសិក្សាក៏បានរកឃើញថា បុរសដែលមានកម្លាំងច្របាច់ដៃខ្លាំង មានទំនាក់ទំនងនឹងហានិភ័យបញ្ហាឡើងរឹងទាបជាងអ្នកដែលមានកម្លាំងច្របាច់ដៃខ្សោយ។ ទំនាក់ទំនងនេះត្រូវបានចាប់អារម្មណ៍ជាពិសេសចំពោះបុរសវ័យចំណាស់ និងអ្នកដែលមានកត្តាប្រឈម ដូចជា ការឡើងទម្ងន់ខ្លាំង និងជំងឺទឹកនោមផ្អែម។ អ្នកជំនាញបានពន្យល់ថា អត្ថប្រយោជន៍សំខាន់មួយនៃការហាត់ពង្រឹងសាច់ដុំ គឺជួយឱ្យសរសៃឈាមមានសុខភាពល្អ និងដំណើរការបានប្រសើរឡើង។
មូលហេតុគឺ ការហាត់ប្រាណអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងជំរុញការផលិតសារធាតុនីទ្រិកអុកស៊ីត (Nitric Oxide) ដែលជួយឱ្យសរសៃឈាមរីកធំ និងឈាមរត់បានស្រួល។ ចរន្តឈាមដែលដំណើរការល្អមានសារៈសំខាន់ចំពោះសមត្ថភាពឡើងរឹងរបស់បុរស។ ក្រៅពីនេះ ការបង្កើនសាច់ដុំក៏អាចជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករក្នុងឈាមបានល្អជាងមុន និងជួយគ្រប់គ្រងទម្ងន់ផងដែរ ដែលមានសារៈសំខាន់ចំពោះសុខភាពសរសៃឈាម។
ចំពោះរយៈពេលហាត់ប្រាណ ការស្រាវជ្រាវមុនមួយរបស់ក្រុមអ្នកជំនាញបានបង្ហាញថា ការធ្វើសកម្មភាពរាងកាយប្រហែល ១៦០ នាទីក្នុងមួយសប្ដាហ៍ ដែលរួមមានការហាត់ពង្រឹងសាច់ដុំ អាចជួយធ្វើឱ្យសមត្ថភាពឡើងរឹងរបស់បុរសប្រសើរឡើង។ ទោះជាយ៉ាងណា មិនទាន់មានការកំណត់ច្បាស់លាស់អំពីប្រភេទលំហាត់ ឬចំនួនថ្ងៃហាត់ដែលល្អបំផុតសម្រាប់បញ្ហានេះទេ។ អ្នកដែលមិនធ្លាប់ហាត់ប្រាណ គួរចាប់ផ្ដើមបន្តិចម្ដងៗ និងជ្រើសរើសលំហាត់ឱ្យសមស្របនឹងសមត្ថភាពរាងកាយ។
ជារួម ការហាត់ប្រាណពង្រឹងសាច់ដុំអាចផ្ដល់អត្ថប្រយោជន៍ដល់សាច់ដុំ សុខភាពសរសៃឈាម និងអាចជួយដល់សមត្ថភាពផ្លូវភេទរបស់បុរសផងដែរ។ ប៉ុន្តែការស្រាវជ្រាវនេះបង្ហាញពីទំនាក់ទំនងរវាងកម្លាំងសាច់ដុំ និងសុខភាពផ្លូវភេទ មិនមែនជាភស្តុតាងថាការលើកទម្ងន់អាចជំនួសថ្នាំ ឬការព្យាបាលនោះទេ។ ជាពិសេស បញ្ហាឡើងរឹងដែលកើតឡើងជាបន្តបន្ទាប់ អាចជាសញ្ញាព្រមាននៃជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ឬបញ្ហាសុខភាពផ្សេងៗ ដូច្នេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ជំនួសឱ្យការទិញថ្នាំប្រើដោយខ្លួនឯង៕