យោងតាមការចុះផ្សាយពីប្រភពបរទេស ត្រីជាអាហារដែលមានប្រយោជន៍ចំពោះសុខភាព ព្រោះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ វីតាមីន D និងប្រូតេអ៊ីនដែលរាងកាយងាយស្រូបយក។ ប៉ុន្តែផ្នែកខ្លះរបស់ត្រីអាចផ្ទុកបាក់តេរី ប៉ារ៉ាស៊ីត ឬសារធាតុកខ្វក់ អាស្រ័យលើប្រភេទត្រី និងបរិស្ថានរស់នៅ។ ផ្នែកទាំង ៣ ដែលគួរយកចិត្តទុកដាក់មានដូចជា ពោះវៀននិងស្រទាប់ខ្មៅក្នុងពោះ ថង់ទឹកប្រមាត់ និងក្បាលជាមួយស្រកីត្រី។
ទី១. ពោះវៀន និងស្រទាប់ខ្មៅក្នុងពោះត្រី៖ មនុស្សមួយចំនួនចូលចិត្តញ៉ាំពោះវៀនត្រីបំពង ឬឆា ព្រោះមានរសជាតិឆ្ងាញ់ និងស្វិតបន្តិច។ ប៉ុន្តែពោះវៀនជាផ្នែករំលាយអាហារ ដែលអាចមានសំណល់អាហារ ភក់ បាក់តេរី និងប៉ារ៉ាស៊ីត ជាពិសេសប្រសិនបើត្រីរស់នៅក្នុងទឹកមិនស្អាត។ ចំណែកស្រទាប់ខ្មៅនៅក្នុងពោះត្រី អាចធ្វើឱ្យម្ហូបមានក្លិន និងរសជាតិជូរចត់ ដូច្នេះគួរយកចេញ និងសម្អាតឱ្យបានល្អមុនចម្អិន។
ទី២. ថង់ទឹកប្រមាត់ត្រី៖ នេះជាផ្នែកដែលគួរប្រុងប្រយ័ត្នខ្លាំងបំផុត ព្រោះមានមនុស្សមួយចំនួនជឿថា ការញ៉ាំទឹកប្រមាត់ត្រីអាចជួយបំប៉នភ្នែក ថ្លើម និងបង្កើនកម្លាំងរាងកាយ។ ប៉ុន្តែតាមការព្រមានផ្នែកសុខភាព ទឹកប្រមាត់ត្រីទឹកសាបមួយចំនួនមានសារធាតុពុលដែលអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ថ្លើម និងតម្រងនោម រហូតអាចគំរាមកំហែងដល់អាយុជីវិត។ សារធាតុពុលទាំងនេះក៏មិនអាចបាត់បង់ដោយសារការស្ងោរ ចំហុយ ឬបំពងបានទាំងស្រុងដែរ។ ដូច្នេះ មិនគួរញ៉ាំថង់ទឹកប្រមាត់ត្រីឆៅ ឬចម្អិនឡើយ ហើយត្រូវប្រុងប្រយ័ត្នកុំឱ្យវាបែកចូលសាច់ត្រីពេលវះពោះ។
ទី៣. ក្បាលត្រី និងស្រកីត្រី៖ ក្បាលត្រីជាអាហារដែលមនុស្សជាច្រើនចូលចិត្ត ព្រោះមានរសជាតិឆ្ងាញ់ និងខ្លាញ់។ ប៉ុន្តែស្រកីត្រីជាផ្នែកដែលប្រើសម្រាប់ចម្រោះទឹក និងទទួលយកអុកស៊ីសែន ដូច្នេះអាចប្រមូលផ្ដុំភក់ សំណល់ និងមេរោគពីបរិស្ថានទឹក។ ចំពោះត្រីដែលរស់នៅក្នុងតំបន់ទឹកកខ្វក់ ក្បាល និងស្រកីក៏អាចមានសារធាតុកខ្វក់ ឬលោហៈធ្ងន់ផងដែរ ប៉ុន្តែបរិមាណអាចខុសគ្នាតាមប្រភេទត្រី និងប្រភពទឹក។
ជារួម ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបរិភោគត្រី និងកាត់បន្ថយហានិភ័យចំពោះសុខភាព គួរយកពោះវៀន ស្រទាប់ខ្មៅក្នុងពោះ និងស្រកីត្រីចេញមុនចម្អិន សម្អាតត្រីឱ្យបានស្អាត ព្រមទាំងចម្អិនឱ្យឆ្អិនល្អ។ ជាពិសេស មិនត្រូវបរិភោគថង់ទឹកប្រមាត់ត្រីឡើយ ព្រោះការចម្អិនមិនអាចធានាថាបំបាត់សារធាតុពុលបានទេ។ គួរជ្រើសរើសត្រីពីប្រភពដែលអាចទុកចិត្តបាន ដើម្បីជួយការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារ៕