យោងតាមការចុះផ្សាយពីប្រភពបរទេស ការមិនផឹកទឹកសុទ្ធមិនមានន័យថារាងកាយនឹងខ្វះជាតិទឹកជានិច្ចនោះទេ ព្រោះតែ កាហ្វេ ទឹកដោះគោ និងភេសជ្ជៈគ្មានជាតិស្ករមួយចំនួន ក៏អាចជួយបំពេញជាតិទឹកក្នុងរាងកាយបានដែរ។ ប៉ុន្តែ ប្រសិនបើអ្នកជ្រើសរើសទឹកក្រូចកំប៉ុង តែទឹកដោះគោផ្អែម កាហ្វេផ្អែម ឬភេសជ្ជៈប៉ូវកម្លាំងជាភេសជ្ជៈចម្បងរាល់ថ្ងៃ នោះរាងកាយអាចទទួលជាតិស្ករ កាឡូរី និងសារធាតុផ្សេងៗលើសតម្រូវការ។
ការផឹកភេសជ្ជៈមានជាតិស្ករច្រើនជាប្រចាំ អាចបង្កើនហានិភ័យនៃការឡើងទម្ងន់ និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ជាតិស្ករដែលទទួលបានលើសតម្រូវការ ក៏អាចជាប់ទាក់ទងនឹងការកកខ្លាញ់ក្នុងថ្លើម និងការកើនឡើងជាតិខ្លាញ់ក្នុងឈាមផងដែរ។ បញ្ហាទាំងនេះអាចបង្កើនហានិភ័យជំងឺបេះដូង និងសរសៃឈាមក្នុងរយៈពេលវែង។
មិនត្រឹមតែប៉ុណ្ណោះ ការផឹកភេសជ្ជៈផ្អែម និងមានជាតិអាស៊ីតញឹកញាប់ អាចបង្កើនហានិភ័យពុកធ្មេញ និងធ្វើឱ្យស្រទាប់ការពារធ្មេញសឹក។ ចំពោះភេសជ្ជៈដែលមានជាតិស្ករប្រភេទហ្វ្រូកតូសខ្ពស់ ក៏អាចជាប់ទាក់ទងនឹងការកើនឡើងអាស៊ីតអ៊ុយរិក និងហានិភ័យជំងឺរលាកសន្លាក់ហ្គោដផងដែរ។
បើរាងកាយទទួលបានជាតិទឹកមិនគ្រប់គ្រាន់ អ្នកអាចមានអាការៈស្ងួតមាត់ ស្រេកទឹក ទឹកនោមតិច ឬមានពណ៌លឿងចាស់ ឈឺក្បាល និងអស់កម្លាំង។ ការខ្វះជាតិទឹកក៏អាចធ្វើឱ្យទឹកនោមខាប់ បង្កើនហានិភ័យកើតគ្រួសក្នុងតម្រងនោម និងធ្វើឱ្យទល់លាមកផងដែរ។ ចំណែកការខ្វះជាតិទឹកធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ដំណើរការរបស់តម្រងនោម។
ដើម្បីថែរក្សាសុខភាព គួរជ្រើសរើសទឹកសុទ្ធជាភេសជ្ជៈចម្បង និងកាត់បន្ថយទឹកផ្អែមបន្តិចម្ដងៗ ដោយអាចចាប់ផ្ដើមប្ដូរភេសជ្ជៈផ្អែមមួយកែវទៅជាទឹកសុទ្ធ។ ការផឹកជាតិទឹកប្រហែល ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ គឺជាការណែនាំទូទៅ ប៉ុន្តែតម្រូវការរបស់មនុស្សម្នាក់ៗអាចខុសគ្នាតាមសកម្មភាព អាកាសធាតុ និងសុខភាព។ អ្នកមានជំងឺបេះដូង ឬតម្រងនោមដែលត្រូវកំណត់ការផឹកទឹក គួរអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ៕