យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែរក្សាសុខភាពដើម្បីឱ្យរស់នៅបានយូរ មិនមែនពឹងផ្អែកតែលើការហាត់ប្រាណ បង្កើនសាច់ដុំ ឬការញ៉ាំអាហារដែលមានជីវជាតិនោះទេ ប៉ុន្តែការចេះគ្រប់គ្រងអារម្មណ៍ក៏មានសារៈសំខាន់ដែរ។ ការគ្រប់គ្រងអារម្មណ៍បានល្អ អាចជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។
អ្នកជំនាញបានលើកឡើងថា កំហឹងដែលកើតមានជាប្រចាំ ភាពឯកោ និងភាពតានតឹងដែលមិនអាចគ្រប់គ្រងបាន អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ ជាពិសេស ការលាក់ទុកអារម្មណ៍មិនល្អក្នុងចិត្តជាបន្តបន្ទាប់ អាចធ្វើឱ្យមនុស្សម្នាក់កាន់តែមានសម្ពាធ និងពិបាកដោះស្រាយបញ្ហា។
ដើម្បីរៀនគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ មានវិធីសាមញ្ញចំនួន ៥ ដែលអាចអនុវត្តបានជារៀងរាល់ថ្ងៃ៖
ទី១. ទទួលស្គាល់អារម្មណ៍របស់ខ្លួន កុំបដិសេធ ឬលាក់ទុកអារម្មណ៍ដែលកំពុងកើតមាន មិនថាជាកំហឹង ភាពសោកសៅ ឬការព្រួយបារម្ភនោះទេ។ គួរយល់ថា អារម្មណ៍ទាំងនេះជាសញ្ញាបង្ហាញពីស្ថានភាពក្នុងចិត្ត ដែលយើងគួរយកចិត្តទុកដាក់។
ទី២. ស្វែងយល់ពីអារម្មណ៍ឱ្យច្បាស់ ជំនួសឱ្យការនិយាយថា ខ្លួនកំពុងតានតឹង គួរព្យាយាមកំណត់ថា តើកំពុងមានអារម្មណ៍ខកចិត្ត ព្រួយបារម្ភ ឬអន់ចិត្ត។ ការយល់ពីមូលហេតុ និងឈ្មោះអារម្មណ៍ឱ្យបានច្បាស់ អាចជួយឱ្យយើងដោះស្រាយបញ្ហាបានល្អជាងមុន។
ទី៣. ចេះផ្អាក និងដកដង្ហើមជ្រៅៗ នៅពេលជួបរឿងធ្វើឱ្យខឹង ឬប៉ះពាល់ដល់អារម្មណ៍ គួរផ្អាកមួយភ្លែត ហើយដកដង្ហើមជ្រៅៗ មុននឹងឆ្លើយតប។ វិធីនេះអាចជួយឱ្យចិត្តស្ងប់ និងជៀសវាងការសម្រេចចិត្តដោយកំហឹង។
ទី៤. កុំបន្ទោសខ្លួនឯងខ្លាំងពេក នៅពេលធ្វើខុស គួររៀនទទួលស្គាល់កំហុស និងយកវាជាបទពិសោធន៍សម្រាប់កែលម្អខ្លួន ជាជាងប្រើពាក្យអវិជ្ជមានមកបន្ទោសខ្លួនឯងជាបន្តបន្ទាប់។
ទី៥. បង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ កុំរស់នៅដោយផ្ដាច់ខ្លួនពីមនុស្សជុំវិញខ្លួន។ ការមានមិត្តភក្តិ ឬមនុស្សជិតស្និទ្ធដែលអាចនិយាយចែករំលែកពីបញ្ហា និងការព្រួយបារម្ភ អាចជួយកាត់បន្ថយអារម្មណ៍ឯកោ និងផ្ដល់កម្លាំងចិត្តក្នុងការរស់នៅ។
ជារួម ការគ្រប់គ្រងអារម្មណ៍មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាជំនាញសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្ត និងរាងកាយ។ បុរសគួរយកចិត្តទុកដាក់លើការហាត់ប្រាណ ការញ៉ាំអាហារមានជីវជាតិ និងការថែរក្សាផ្លូវចិត្តឱ្យបានសមស្រប ដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងមានសុភមង្គលក្នុងរយៈពេលវែង៕