យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមសំខាន់ដែលជួយឱ្យរាងកាយលូតលាស់ ជួសជុលកោសិកា និងរក្សាសាច់ដុំឱ្យរឹងមាំ។ វាក៏ជួយដល់ការផលិតអង់ស៊ីម អ័រម៉ូន និងសារធាតុការពាររាងកាយផងដែរ។ ជាពិសេស នៅពេលមានវ័យកាន់តែច្រើន រាងកាយអាចបាត់បង់សាច់ដុំ និងកម្លាំង ដូច្នេះការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់គឺមានសារៈសំខាន់។
ទី១. ត្រី ជាប្រភពប្រូតេអ៊ីនដែលរាងកាយងាយរំលាយ និងស្រូបយក។ ត្រីដែលមានខ្លាញ់ល្អ ដូចជាត្រីសាល់ម៉ុន និងត្រីម៉ាកឺរ៉ែល ក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយដល់សុខភាពបេះដូង និងសរសៃឈាម។ ការបរិភោគត្រីជាប្រចាំអាចជួយបន្ថែមប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗដល់រាងកាយ។
ទី២. ស៊ុត ជាអាហារដែលមានប្រូតេអ៊ីនគុណភាពល្អ និងមានអាស៊ីតអាមីណូសំខាន់ៗទាំងអស់ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន។ ស៊ុតក៏ងាយស្រួលចម្អិន និងអាចបរិភោគជាមួយបន្លែ ឬអាហារផ្សេងៗ ដើម្បីបង្កើនជីវជាតិបានផងដែរ។
ទី៣. សាច់ ជាប្រភពប្រូតេអ៊ីនដ៏សំខាន់ ហើយអាស្រ័យលើប្រភេទសាច់ វាក៏អាចផ្ដល់សារធាតុចិញ្ចឹមដូចជា ជាតិដែក ស័ង្កសី និងវីតាមីន B12។ ទោះជាយ៉ាងណា គួរជ្រើសរើសសាច់ដែលមានខ្លាញ់តិច បរិភោគក្នុងបរិមាណសមរម្យ និងកាត់បន្ថយសាច់កែច្នៃ ដូចជាសាច់ក្រក និងសាច់ជក់ផ្សែង។
ទី៤. សណ្ដែក និងផលិតផលពីសណ្ដែក ដូចជា សណ្ដែកសៀង តៅហ៊ូ និងសណ្ដែកប្រភេទផ្សេងៗ ជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិដ៏ល្អ។ អាហារទាំងនេះក៏មានជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាពិសេស សណ្ដែកសៀងមានប្រូតេអ៊ីនគុណភាពល្អ និងមានអាស៊ីតអាមីណូសំខាន់ៗជាច្រើន។
ជារួម មិនមានអាហារប្រភេទណាមួយដែលល្អបំផុតសម្រាប់មនុស្សគ្រប់រូបនោះទេ។ គួរផ្លាស់ប្ដូរប្រភពប្រូតេអ៊ីនឱ្យបានចម្រុះ ដោយបញ្ចូលត្រី ស៊ុត សាច់ និងសណ្ដែកក្នុងរបបអាហារប្រចាំថ្ងៃ ព្រមទាំងញ៉ាំផ្លែឈើ និងបន្លែឱ្យបានគ្រប់គ្រាន់។ សម្រាប់មនុស្សវ័យចំណាស់ ការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ រួមជាមួយការហាត់ប្រាណជាប្រចាំ ជាពិសេសលំហាត់ប្រាណពង្រឹងសាច់ដុំ អាចជួយរក្សាកម្លាំង និងសមត្ថភាពធ្វើសកម្មភាពប្រចាំថ្ងៃ៕