យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកទឹកដាំពុះទុកឱ្យត្រជាក់ គឺជាទម្លាប់របស់គ្រួសារជាច្រើន ប៉ុន្តែប្រសិនបើរក្សាទុក និងប្រើប្រាស់មិនបានត្រឹមត្រូវ ទឹកអាចកខ្វក់ឡើងវិញក្រោយពេលដាំពុះ។ ដូច្នេះ គ្រប់គ្រួសារគួរយកចិត្តទុកដាក់លើវិធីរក្សាទឹក និងសម្អាតធុងដាក់ឱ្យបានល្អ ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព។
ទម្លាប់ទី១ គឺ ទុកទឹកដែលដាំពុះរួចយូរពេក ព្រោះទឹកអាចកខ្វក់ឡើងវិញតាមរយៈធូលី ឧបករណ៍ដាក់ ឬបរិស្ថានជុំវិញ។ ទម្លាប់ទី២ គឺ ចាក់ទឹកថ្មីបន្ថែមលើទឹកចាស់ដែលនៅសល់ ដែលអាចធ្វើឱ្យទឹកចាស់ត្រូវបានទុកក្នុងធុងយូរ និងបង្កើនការកកកុញនៃកាកសំណល់ ប្រសិនបើធុងមិនបានសម្អាតជាប្រចាំ។
ទម្លាប់ទី៣ គឺ ប្រើធុងទឹកយូរដោយមិនសម្អាត ព្រោះធូលី និងកាកសំណល់អាចកកកុញនៅបាត និងជញ្ជាំងធុង ជាពិសេសតាមគម្រប និងក្បាលបង្ហូរទឹក។ ទម្លាប់ទី៤ គឺ ដាក់ធុងទឹកនៅកន្លែងក្តៅ ឬត្រូវពន្លឺថ្ងៃផ្ទាល់ ដែលអាចធ្វើឱ្យការរក្សាគុណភាពទឹកមិនបានល្អ។ គួរដាក់ធុងនៅកន្លែងស្អាត ស្ងួត ត្រជាក់ និងមានខ្យល់ចេញចូលល្អ។
ទម្លាប់ទី៥ គឺ ផឹកទឹកដោយផ្ទាល់ពីមាត់ធុង ឬប្រើកែវមិនស្អាតដួសទឹក ព្រោះអាចនាំមេរោគ និងភាពកខ្វក់ពីមាត់ ឬកែវចូលទៅក្នុងទឹកដែលនៅសល់។ ដើម្បីជៀសវាងបញ្ហានេះ គួរចាក់ទឹកដាក់ក្នុងកែវស្អាតមុនផឹក ហើយប្រសិនបើប្រើធុងដែលមានក្បាលបង្ហូរ គួរសម្អាតក្បាលបង្ហូរជាប្រចាំ និងកុំប៉ះពាល់ដោយដៃកខ្វក់។
សរុបមក ការរក្សាទឹកដាំពុះឱ្យមានអនាម័យ ត្រូវចាប់ផ្តើមពីការដាំទឹកតាមបរិមាណដែលត្រូវការប្រើប្រាស់ ទុកក្នុងធុងស្អាតមានគម្របបិទជិត និងកុំចាក់ទឹកថ្មីលាយជាមួយទឹកចាស់ដែលនៅសល់។ ក៏គួរសម្អាតធុងជាប្រចាំ និងរក្សាទឹកឱ្យឆ្ងាយពីកន្លែងក្តៅ ឬធូលី ដើម្បីកាត់បន្ថយការកខ្វក់ និងថែរក្សាសុខភាពសមាជិកគ្រួសារ៕