យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនមានទម្លាប់ដាក់ទូរស័ព្ទនៅក្បែរខ្នើយ ឬក្រោមខ្នើយពេលចូលគេង ដើម្បីងាយស្រួលមើលម៉ោង ឆែកសារ និងប្រើប្រាស់នៅពេលភ្ញាក់កណ្តាលយប់។ ប៉ុន្តែទម្លាប់នេះអាចរំខានដល់ដំណេក និងបង្កហានិភ័យចំពោះសុវត្ថិភាព ជាពិសេសនៅពេលកំពុងសាកថ្ម។
បញ្ហាទី១ គឺ រំខានដល់ដំណេក ព្រោះសំឡេងជូនដំណឹង ការហៅចូល និងសារថ្មីៗ អាចធ្វើឱ្យភ្ញាក់ពីគេង។ ក្រោយពេលភ្ញាក់ ការយកទូរស័ព្ទមកប្រើប្រាស់អាចធ្វើឱ្យខួរក្បាលពិបាកសម្រាកឡើងវិញ។ លើសពីនេះ ពន្លឺពីអេក្រង់ ជាពិសេសពន្លឺពណ៌ខៀវ អាចរំខានដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលជួយគ្រប់គ្រងវដ្តនៃការគេង និងការភ្ញាក់។
បញ្ហាទី២ គឺ ប៉ះពាល់ដល់អារម្មណ៍ និងការផ្តោតអារម្មណ៍ ព្រោះការគេងមិនគ្រប់គ្រាន់ ឬត្រូវបានរំខានជាញឹកញាប់ អាចធ្វើឱ្យរាងកាយអស់កម្លាំង ឆាប់ខឹង និងពិបាកផ្តោតអារម្មណ៍នៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណា មិនមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ការដាក់ទូរស័ព្ទក្បែរក្បាលពេលគេងអាចបង្កជំងឺធ្លាក់ទឹកចិត្ត ឬឈឺក្បាលដោយផ្ទាល់នោះទេ។
បញ្ហាទី៣ ដែលគួរប្រុងប្រយ័ត្នបំផុត គឺ ហានិភ័យកម្ដៅខ្លាំង និងអគ្គិភ័យពេលសាកថ្ម។ ទូរស័ព្ទអាចបង្កើតកម្ដៅក្នុងពេលសាកថ្ម ហើយប្រសិនបើដាក់នៅក្រោមខ្នើយ ឬក្នុងភួយ កម្ដៅនឹងពិបាកបញ្ចេញទៅខាងក្រៅ។ ប្រសិនបើថ្ម ឬឆ្នាំងសាកមានបញ្ហា ហានិភ័យនៃការឡើងកម្ដៅខ្លាំង និងកើតហេតុការណ៍អគ្គិភ័យអាចកើនឡើង។
សរុបមក ដើម្បីគេងលក់ស្រួល និងរក្សាសុវត្ថិភាព គួរដាក់ទូរស័ព្ទនៅលើតុ ឬកន្លែងរាបស្មើដែលមានខ្យល់ចេញចូលល្អ និងឱ្យឆ្ងាយពីគ្រែ។ មិនគួរសាកថ្មក្រោមខ្នើយ ឬក្នុងភួយឡើយ គួរបើកមុខងារ «កុំរំខាន» និងកាត់បន្ថយការប្រើទូរស័ព្ទពី ១ ទៅ ២ម៉ោងមុនចូលគេង។ ការកែប្រែទម្លាប់តូចៗទាំងនេះអាចជួយកាត់បន្ថយការរំខានដំណេក និងរក្សាសុវត្ថិភាពបានកាន់តែប្រសើរ៕