យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាសក់ឆាប់ខ្លាញ់ កក់សក់ពេលព្រឹក ប៉ុន្តែដល់រសៀលឫសសក់ចាប់ផ្តើមស្អិត និងមានក្លិនអាប់ គឺជាបញ្ហាដែលមនុស្សជាច្រើនជួបប្រទះ។ មូលហេតុអាចបណ្តាលមកពីក្រពេញខ្លាញ់នៅស្បែកក្បាលផលិតប្រេងច្រើន ព្រមទាំងការប្រើប្រាស់ផលិតផលថែរក្សាសក់ និងវិធីកក់សក់មិនត្រឹមត្រូវ។ ដើម្បីឱ្យសក់ស្អាត ទន់រលោង និងកាត់បន្ថយក្លិនមិនល្អ គួរយកចិត្តទុកដាក់លើតិចនិកទាំង ៩ នេះ។
វិធីទី១ គឺ លាងសក់ជាមួយទឹកស្អាតមុនពេលប្រើសាប៊ូ ប្រហែល ១ ទៅ ២នាទី ដើម្បីជួយលាងធូលី និងភាពកខ្វក់ចេញ។ ទី២ គឺ កក់សក់ពីរដងនៅពេលចាំបាច់ ដោយលើកទី១ជួយលាងប្រេង និងសំណល់ផលិតផល ខណៈលើកទី២ជួយសម្អាតស្បែកក្បាលឱ្យបានស្អាត។ ក្រោយមក ទី៣ គឺ កំណត់ភាពញឹកញាប់នៃការកក់សក់ឱ្យសមស្រប តាមប្រភេទសក់ និងកម្រិតខ្លាញ់ មិនចាំបាច់កក់ច្រើនដងក្នុងមួយថ្ងៃឡើយ។
វិធីទី៤ គឺ លាបក្រែមបន្ទន់សក់ចាប់ពីកណ្តាលទៅចុងសក់ ដោយជៀសវាងលាបផ្ទាល់លើស្បែកក្បាល ដើម្បីកុំឱ្យឫសសក់ឆាប់ស្អិតខ្លាញ់។ ទី៥ គឺ ជ្រើសរើសផលិតផលថែរក្សាសក់ដែលសមស្រប ដោយកុំប្រើផលិតផលដែលមានជាតិខ្លាញ់ធ្ងន់ពេក ប្រសិនបើសក់របស់អ្នកងាយខ្លាញ់។ គួរជ្រើសរើសសាប៊ូដែលមានសារធាតុជួយសម្អាតប្រេង និងសំណល់កខ្វក់បានល្អ។
វិធីទី៦ គឺ សម្អាតស្បែកក្បាលដោយផលិតផលជួយដកកខ្វក់ប្រហែលមួយសប្តាហ៍ម្តង ប៉ុន្តែមិនគួរខាត់ខ្លាំងពេកទេ។ ទី៧ គឺ ប្រើជក់ស៊ីលីកូនសម្រាប់កក់សក់ ដោយម៉ាស្សាស្បែកក្បាលថ្នមៗ និងមិនប្រើក្រចកកោស ព្រោះអាចបង្ករបួស។ ទី៨ គឺ ផ្លុំសម្ងួតឫសសក់ក្រោយកក់ ដោយប្រើខ្យល់ត្រជាក់ ឬកម្រិតកម្ដៅមធ្យម ដើម្បីកុំឱ្យស្បែកក្បាលសើមយូរ។ គួរយកចិត្តទុកដាក់សម្អាតតំបន់កណ្ដាលក្បាល ខាងក្រោយត្រចៀក និងដើមកផងដែរ។
វិធីទី៩ គឺ សង្កេតមើលក្លិនស្បែកក្បាល និងរក្សាអនាម័យជាប្រចាំ ដោយអាចប្រើម្រាមដៃត្រដុសស្បែកក្បាលថ្នមៗ រួចសង្កេតមើលថាមានក្លិនអាប់ឬអត់។ សរុបមក ការមានសក់ទន់រលោង និងស្បែកក្បាលស្អាត មិនមែនអាស្រ័យលើការកក់សក់ច្រើនដងនោះទេ ប៉ុន្តែអាស្រ័យលើការសម្អាតឱ្យបានត្រឹមត្រូវ ការជ្រើសរើសផលិតផលសមស្រប និងការសម្ងួតសក់ឱ្យបានល្អ។ ប្រសិនបើមានក្លិនខ្លាំង រមាស់ ឬអង្គែច្រើនជាបន្តបន្ទាប់ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពស្បែក៕