យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រកទម្ងន់ក្នុងរយៈពេល ១ខែ អាចចាប់ផ្តើមពីការកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ដោយផ្តោតលើការញ៉ាំអាហារ ការផឹកទឹក ការសម្រាក និងការហាត់ប្រាណ។ ទោះជាយ៉ាងណា លទ្ធផលនៃការសម្រកទម្ងន់អាស្រ័យលើស្ថានភាពរាងកាយ និងការអនុវត្តរបស់មនុស្សម្នាក់ៗ ដូច្នេះមិនគួរបង្ខំខ្លួនឱ្យស្រកគីឡូលឿនហួសហេតុនោះទេ។
តិចនិកទី១ គឺ កាត់បន្ថយអាហារដែលមានជាតិស្ករច្រើន ដូចជា ភេសជ្ជៈផ្អែម នំផ្អែម និងបង្អែមផ្សេងៗ ព្រោះការទទួលទានជាតិស្ករច្រើនអាចធ្វើឱ្យរាងកាយទទួលបានថាមពលលើសតម្រូវការ។ ទី២ គឺ ផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញជាតិទឹក និងជួយគ្រប់គ្រងការញ៉ាំអាហារលើសតម្រូវការ ជាពិសេសនៅពេលខ្លះដែលយើងច្រឡំរវាងអារម្មណ៍ស្រេកទឹក និងឃ្លាន។
តិចនិកទី៣ គឺ គ្រប់គ្រងបរិមាណខ្លាញ់ និងកាបូអ៊ីដ្រាត ដោយកាត់បន្ថយអាហារបំពង និងអាហារដែលមានថាមពលខ្ពស់។ ប៉ុន្តែ មិនគួរបញ្ឈប់ការញ៉ាំខ្លាញ់ ឬកាបូអ៊ីដ្រាតទាំងស្រុងឡើយ។ គួរជ្រើសរើសអាហារដែលមានប្រូតេអ៊ីន បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដើម្បីផ្តល់សារធាតុចិញ្ចឹម និងជួយឱ្យឆ្អែតបានយូរ។
តិចនិកទី៤ គឺ គេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេងមិនគ្រប់អាចធ្វើឱ្យចំណង់អាហារកើនឡើង និងពិបាកគ្រប់គ្រងទម្ងន់។ ទី៥ គឺ បង្កើនការហាត់ប្រាណជាប្រចាំ ដូចជា ដើរលឿន រត់ ហាត់ប្រាណបេះដូង និងលើកទម្ងន់ ដើម្បីជួយប្រើប្រាស់ថាមពល និងរក្សាសាច់ដុំ។ អាចចាប់ផ្តើមហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍ រួចបង្កើនរយៈពេល និងកម្រិតហាត់ប្រាណតាមសមត្ថភាពរបស់ខ្លួន។
សរុបមក ការសម្រកទម្ងន់មិនមែនអាស្រ័យលើការអត់អាហារ ឬហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវការការកែប្រែទម្លាប់ឱ្យបានត្រឹមត្រូវ និងជាប់លាប់។ ការកាត់បន្ថយជាតិស្ករ ផឹកទឹកគ្រប់គ្រាន់ គ្រប់គ្រងបរិមាណអាហារ គេងឱ្យបានល្អ និងហាត់ប្រាណទៀងទាត់ អាចជួយឱ្យការគ្រប់គ្រងទម្ងន់កាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងរយៈពេលវែង៕