យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាដ៏ធំមួយនៅសហរដ្ឋអាម៉េរិក បានរកឃើញថា ការផឹកកាហ្វេជាប្រចាំមានទំនាក់ទំនងជាមួយហានិភ័យជំងឺក្រិនថ្លើម មហារីកថ្លើម និងការស្លាប់ដោយសារជំងឺថ្លើមទាបជាងមុន។ ការសិក្សានេះបានវិភាគទិន្នន័យមនុស្សចំនួន ៣៥៤ ៩៥៧នាក់ និងតាមដានរយៈពេលជាមធ្យម ១៣ឆ្នាំ ដោយចុះផ្សាយក្នុងទស្សនាវដ្តី Clinical Gastroenterology and Hepatology។
លទ្ធផលបានបង្ហាញថា អ្នកដែលផឹកកាហ្វេចាប់ពី ៥ពែងក្នុងមួយថ្ងៃឡើងទៅ មានហានិភ័យជំងឺក្រិនថ្លើមទាបជាង ៣២ភាគរយ ហានិភ័យមហារីកថ្លើមទាបជាង ៤៧ភាគរយ និងហានិភ័យស្លាប់ដោយសារជំងឺថ្លើមទាបជាង ៤២ភាគរយ បើប្រៀបធៀបនឹងអ្នកមិនផឹកកាហ្វេ។ ការសិក្សាក៏រកឃើញទំនាក់ទំនងក្នុងទិសដៅដូចគ្នាចំពោះអ្នកផឹកកាហ្វេត្រឹម ១ ទៅ ២ពែងក្នុងមួយថ្ងៃផងដែរ។
ចំពោះមូលហេតុ អ្នកស្រាវជ្រាវបានលើកឡើងថា កាហ្វេមានសារធាតុធម្មជាតិជាច្រើន ដូចជា អាស៊ីតក្លរ៉ូហ្សែន និងប៉ូលីហ្វេណុល ដែលអាចពាក់ព័ន្ធនឹងការកាត់បន្ថយការរលាក និងការកកើតស្នាមជាលិកាក្នុងថ្លើម។ ការពិនិត្យរូបភាពថ្លើមរបស់អ្នកចូលរួមមួយចំនួន ក៏បានបង្ហាញពីទំនាក់ទំនងរវាងការផឹកកាហ្វេ និងបរិមាណជាតិខ្លាញ់ ជាតិដែក ព្រមទាំងសញ្ញារលាកក្នុងថ្លើមដែលមានកម្រិតទាបជាងមុន។ កាហ្វេធម្មតា និងកាហ្វេកាត់បន្ថយជាតិកាហ្វេអ៊ីន ក៏មានលទ្ធផលក្នុងទិសដៅស្រដៀងគ្នាផងដែរ។
ទោះជាយ៉ាងណា ការសិក្សានេះបង្ហាញតែទំនាក់ទំនង មិនមែនជាភស្តុតាងថាកាហ្វេអាចការពារ ឬព្យាបាលជំងឺថ្លើមដោយផ្ទាល់នោះទេ។ អ្នកស្រាវជ្រាវក៏មិនបានណែនាំឱ្យមនុស្សគ្រប់រូបផឹកកាហ្វេដល់ ៥ពែងក្នុងមួយថ្ងៃដែរ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើន គួរគ្រប់គ្រងជាតិកាហ្វេអ៊ីនមិនឱ្យលើស ៤០០មិល្លីក្រាមក្នុងមួយថ្ងៃ និងជៀសវាងការបន្ថែមស្ករ ឬទឹកដោះគោខាប់ច្រើនពេក។
សរុបមក ការផឹកកាហ្វេក្នុងបរិមាណសមរម្យអាចពាក់ព័ន្ធនឹងហានិភ័យជំងឺក្រិនថ្លើម និងមហារីកថ្លើមទាបជាងមុន ប៉ុន្តែមិនគួរពឹងផ្អែកលើកាហ្វេតែមួយមុខដើម្បីការពារជំងឺថ្លើមឡើយ។ គួររក្សាទម្ងន់ឱ្យសមស្រប ហាត់ប្រាណទៀងទាត់ កាត់បន្ថយ ឬជៀសវាងការផឹកស្រា គ្រប់គ្រងជាតិស្ករក្នុងឈាម និងពិនិត្យសុខភាពជាប្រចាំ ដើម្បីជួយថែរក្សាថ្លើមឱ្យមានសុខភាពល្អ៕