យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រែប្រួលរាងកាយនៅពេលភ្ញាក់ពីគេងពេលព្រឹក មិនមែនសុទ្ធតែបណ្តាលមកពីអាយុ ឬការគេងមិនគ្រប់នោះទេ។ មានសញ្ញាមួយចំនួនដែលអាចពាក់ព័ន្ធនឹងបញ្ហាសុខភាព ដូចជា វិលមុខ ហើមមុខ ស្ពឹកដៃជើង និងភ្ញាក់ពីគេងហើយនៅតែអស់កម្លាំង។ ប្រសិនបើសញ្ញាទាំងនេះកើតឡើងញឹកញាប់ គួរយកចិត្តទុកដាក់ និងពិនិត្យរកមូលហេតុ។
សញ្ញាទី១ គឺ វិលមុខ ឬមានអារម្មណ៍ថាអ្វីៗវិលជុំវិញខ្លួនក្រោយភ្ញាក់ពីគេង ដែលអាចពាក់ព័ន្ធនឹងការប្រែប្រួលសម្ពាធឈាម ជាពិសេសចំពោះអ្នកមានជំងឺលើសឈាម។ ដើម្បីកាត់បន្ថយហានិភ័យដួល គួរធ្វើចលនាដៃជើងសិន រួចអង្គុយនៅគែមគ្រែប្រហែល ៣០វិនាទី មុននឹងក្រោកឈរ។ សញ្ញាទី២ គឺ ត្របកភ្នែក និងមុខហើមនៅពេលព្រឹក ប្រសិនបើកើតឡើងច្រើនថ្ងៃជាប់គ្នា ឬមានទឹកនោមពពុះច្រើន គួរពិនិត្យមុខងារតម្រងនោម និងបេះដូង។
សញ្ញាទី៣ គឺ ស្ពឹកដៃជើង ឬសន្លាក់រឹងពិបាកធ្វើចលនា។ ប្រសិនបើស្ពឹកដៃជើងទាំងសងខាងជាប្រចាំ អ្នកមានជំងឺទឹកនោមផ្អែមគួរប្រុងប្រយ័ត្នចំពោះបញ្ហាសរសៃប្រសាទ។ ចំណែកការរឹងសន្លាក់ម្រាមដៃនៅពេលព្រឹកលើសពី ៣០នាទី ជាពិសេសមានការហើម និងឈឺសន្លាក់សងខាង អាចពាក់ព័ន្ធនឹងជំងឺរលាកសន្លាក់ឆ្អឹង។ ប្រសិនបើស្ពឹកមួយចំហៀងខ្លួន រួមជាមួយនិយាយមិនច្បាស់ មាត់វៀច ឬដៃជើងខ្សោយ ត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ។
សញ្ញាទី៤ គឺ ភ្ញាក់ពីគេងហើយនៅតែអស់កម្លាំង ដូចជាមិនបានគេងទាល់តែសោះ។ អាការៈនេះអាចពាក់ព័ន្ធនឹងការគេងមិនមានគុណភាព ការគេងដាច់ដង្ហើម ក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ ភាពស្លេកស្លាំង ឬបញ្ហាផ្លូវចិត្តមួយចំនួន។ ជាពិសេស អ្នកដែលស្រមុកខ្លាំង ឈប់ដកដង្ហើមមួយសន្ទុះពេលគេង និងងងុយខ្លាំងនៅពេលថ្ងៃ គួរទៅពិនិត្យបញ្ហាដាច់ដង្ហើមពេលគេង។
សរុបមក ការសង្កេតមើលរាងកាយក្រោយភ្ញាក់ពីគេង អាចជួយឱ្យយើងចាប់អារម្មណ៍លើសញ្ញាមិនប្រក្រតីបានទាន់ពេល ប៉ុន្តែសញ្ញាទាំងនេះមិនអាចប្រើសម្រាប់សន្និដ្ឋានថាមានជំងឺណាមួយដោយខ្លួនឯងបានទេ។ គួររក្សាពេលវេលាគេងឱ្យទៀងទាត់ ក្រោកពីគ្រែយឺតៗ និងពិនិត្យសុខភាពប្រសិនបើមានអាការៈបន្តកើតឡើង។ កុំមើលរំលងសញ្ញាដែលកើតមានជាញឹកញាប់ ព្រោះការរកឃើញមូលហេតុទាន់ពេលអាចជួយឱ្យទទួលបានការថែទាំសមស្រប៕