យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានអារម្មណ៍ងងុយគេង អស់កម្លាំង ឬចង់សម្រាកភ្លាមៗក្រោយញ៉ាំអាហាររួច គឺជាបាតុភូតដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះ។ ជាទូទៅ អាការៈនេះអាចកើតឡើងដោយសារញ៉ាំអាហារច្រើនពេក អាហារមានជាតិខ្លាញ់ ឬស្ករច្រើន ព្រមទាំងការគេងមិនគ្រប់គ្រាន់ និងការហត់នឿយពីការងារ។ ប៉ុន្តែ ប្រសិនបើកើតឡើងញឹកញាប់ និងងងុយខ្លាំងខុសធម្មតា គួរយកចិត្តទុកដាក់ចំពោះសុខភាព។
តាមការពន្យល់ផ្នែកសុខភាព ការងងុយគេងក្រោយអាហារអាចពាក់ព័ន្ធនឹងការប្រែប្រួលអ័រម៉ូន និងសារធាតុក្នុងរាងកាយដែលជួយគ្រប់គ្រងភាពឆ្អែត និងការភ្ញាក់ដឹងខ្លួន។ ជាពិសេស ការញ៉ាំអាហារដែលមានជាតិខ្លាញ់ និងកាបូអ៊ីដ្រាតច្រើន អាចជំរុញឱ្យមានការប្រែប្រួលសារធាតុទាំងនេះ និងធ្វើឱ្យរាងកាយមានអារម្មណ៍ងងុយគេង។ ដូច្នេះ ការញ៉ាំអាហារច្រើនពេកក្នុងមួយពេល ក៏អាចធ្វើឱ្យអាការៈកាន់តែខ្លាំងផងដែរ។
ប្រសិនបើអាការៈនេះកើតឡើងខ្លាំង និងជាប្រចាំ វាអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពមួយចំនួន ដូចជា ជំងឺទឹកនោមផ្អែម ដែលធ្វើឱ្យរាងកាយពិបាកគ្រប់គ្រងជាតិស្ករក្នុងឈាម បញ្ហាក្រពេញទីរ៉ូអ៊ីតដែលអាចធ្វើឱ្យការប្រើប្រាស់ថាមពលរបស់រាងកាយថយចុះ ជំងឺបេះដូងដែលប៉ះពាល់ដល់ការបញ្ជូនឈាមទៅកាន់សរីរាង្គផ្សេងៗ និងសម្ពាធឈាមធ្លាក់ក្រោយញ៉ាំអាហារ ដែលអាចបង្កឱ្យវិលមុខ និងខ្សោយកម្លាំង ជាពិសេសចំពោះមនុស្សចាស់។
អ្នកដែលងងុយគេងខ្លាំងក្រោយញ៉ាំអាហារ ទោះបីមិនបានញ៉ាំច្រើនក៏ដោយ ជាពិសេសប្រសិនបើមានអាការៈហត់នឿយយូរអង្វែង វិលមុខ ស្រវាំងភ្នែក ឬជិតសន្លប់ គួរទៅពិនិត្យសុខភាព ដើម្បីស្វែងរកមូលហេតុ។ ការពិនិត្យអាចជួយឱ្យដឹងថា អាការៈនេះពាក់ព័ន្ធនឹងជាតិស្ករក្នុងឈាម ក្រពេញទីរ៉ូអ៊ីត បេះដូង ឬសម្ពាធឈាមដែរឬទេ។
សរុបមក ការងងុយគេងក្រោយញ៉ាំអាហារអាចជាប្រតិកម្មធម្មតារបស់រាងកាយ ប៉ុន្តែមិនគួរមើលរំលងឡើយ ប្រសិនបើកើតឡើងញឹកញាប់ ឬមានអាការៈផ្សេងៗរួមជាមួយ។ ដើម្បីថែរក្សាសុខភាព គួរញ៉ាំអាហារក្នុងបរិមាណសមរម្យ ជ្រើសរើសអាហារមានតុល្យភាព ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងគេងឱ្យបានគ្រប់ម៉ោង។ ប្រសិនបើអាការៈមិនធូរស្រាល គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការពិនិត្យ និងការថែទាំត្រឹមត្រូវ៕