យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានចម្ងល់ថា តើល្ពៅជាបន្លែ ឬជាផ្លែឈើ ព្រោះគេនិយមយកវាទៅធ្វើម្ហូបដូចជា សម្ល ឆា ឬស៊ុប ខណៈវាមានគ្រាប់នៅខាងក្នុង និងមានរសជាតិផ្អែមស្រាល។ តាមពិត ចម្លើយអាចខុសគ្នា អាស្រ័យលើការចាត់ថ្នាក់តាមវិទ្យាសាស្ត្ររុក្ខជាតិ ឬតាមការប្រើប្រាស់ក្នុងការចម្អិនម្ហូប។
តាមវិទ្យាសាស្ត្ររុក្ខជាតិ ល្ពៅត្រូវបានចាត់ទុកជាផ្លែឈើ ព្រោះវាកើតចេញពីផ្ការបស់រុក្ខជាតិ និងមានគ្រាប់នៅខាងក្នុងសម្រាប់បន្តពូជ។ តាមការចាត់ថ្នាក់របស់អ្នកវិទ្យាសាស្ត្ររុក្ខជាតិ ផ្នែករបស់រុក្ខជាតិដែលកើតចេញពីកញ្ចុំអូវុលរបស់ផ្កា និងមានគ្រាប់ ជាផ្លែឈើ។
ប៉ុន្តែបើតាមការចម្អិនម្ហូប និងការប្រើប្រាស់ប្រចាំថ្ងៃ ល្ពៅត្រូវបានចាត់ទុកជាបន្លែ ដោយសារគេនិយមយកទៅចម្អិនជាម្ហូបឆ្ងាញ់ៗ ជាជាងញ៉ាំស្រស់ដូចផ្លែឈើទូទៅ។ លើសពីនេះ ល្ពៅមានជាតិស្ករតិចជាងផ្លែឈើទូទៅមួយចំនួន និងមានជាតិកាបូអ៊ីដ្រាតដែលផ្តល់ថាមពលដល់រាងកាយ។
ក្រៅពីនេះ ល្ពៅក៏មានសារធាតុចិញ្ចឹមជាច្រើន ដូចជា បេតាការ៉ូទីន ដែលជួយការពារកោសិកាពីការខូចខាត និងជួយថែរក្សាសុខភាពភ្នែក ព្រមទាំងវីតាមីន A និងវីតាមីន C ដែលជួយដល់សុខភាពស្បែក និងមុខងារប្រព័ន្ធការពាររាងកាយ។ ល្ពៅក៏មានជាតិសរសៃ និងកាបូអ៊ីដ្រាតស្មុគស្មាញ ដែលអាចជួយឱ្យឆ្អែតបានយូរ និងជួយដល់ការបញ្ចេញចោលផងដែរ។
សរុបមក ល្ពៅអាចចាត់ទុកជាផ្លែឈើតាមវិទ្យាសាស្ត្ររុក្ខជាតិ ប៉ុន្តែត្រូវបានប្រើប្រាស់ជាបន្លែក្នុងការចម្អិនម្ហូប។ ទោះបីជាត្រូវហៅថាបន្លែ ឬផ្លែឈើក៏ដោយ ល្ពៅនៅតែជាអាហារដែលមានជីវជាតិ និងអាចបញ្ចូលក្នុងរបបអាហារចម្រុះ ដើម្បីជួយថែរក្សាសុខភាព៕