យោងតាមការចុះផ្សាយពីប្រភពបរទេស ក្លិនផ្អួរដែលកើតមានក្នុងទូខោអាវ ទោះបីជាខោអាវត្រូវបានបោកសម្អាតរួចក៏ដោយ អាចបណ្តាលមកពីសំណើម និងភាពមិនស្អាតនៅក្នុងទូ ឬបន្ទប់។ បញ្ហានេះអាចធ្វើឱ្យខោអាវដែលទើបបោករួចមានក្លិនមិនល្អឡើងវិញ។
ចំណុចទី១ និងទី២ គឺ ខោអាវមិនទាន់ស្ងួតល្អ និងជញ្ជាំងខាងក្រោយទូមានសំណើម។ ការយកខោអាវដែលនៅសើមបន្តិចទៅដាក់ក្នុងទូ អាចធ្វើឱ្យសំណើមជាប់នៅក្នុងទូ និងបង្កក្លិនផ្អួរ។ ចំណែកជញ្ជាំងដែលសើម ឬមានទឹកជ្រាបនៅខាងក្រោយទូ ក៏អាចជាមូលហេតុធ្វើឱ្យមានក្លិនផ្សិតផងដែរ។
ចំណុចទី៣ គឺ ធូលី និងភាពកខ្វក់តាមជ្រុងទូ។ ធូលីអាចកកកុញនៅតាមជ្រុង ធ្នើ និងថតដាក់ខោអាវ ដែលធ្វើឱ្យទូមានក្លិនមិនល្អ ប្រសិនបើមិនបានសម្អាតជាប្រចាំ។
ចំណុចទី៤ និងទី៥ គឺ ដាក់ខោអាវច្រើនពេក និងបន្ទប់មានសំណើមខ្ពស់។ ការដាក់ខោអាវណែនណាន់ពេកធ្វើឱ្យខ្យល់មិនអាចចេញចូលបានល្អ ខណៈបន្ទប់ដែលគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ក៏អាចធ្វើឱ្យសំណើមកកកុញ និងបង្កក្លិនផ្អួរក្នុងទូផងដែរ។
ដូច្នេះ ដើម្បីបំបាត់ក្លិនផ្អួរក្នុងទូ គួរយកខោអាវទៅសម្ងួតឱ្យបានល្អមុនពេលទុកក្នុងទូ សម្អាតទូជាប្រចាំ កុំដាក់ខោអាវច្រើនពេក និងបើកបង្អួចឱ្យខ្យល់ចេញចូល។ ជាពិសេស ត្រូវពិនិត្យមើលជញ្ជាំង និងកន្លែងជុំវិញទូ ដើម្បីរកប្រភពសំណើម និងដោះស្រាយឱ្យបានទាន់ពេលវេលា៕