យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រោយពេលហាត់ប្រាណរហូតបែកញើស មនុស្សមួយចំនួនចូលចិត្តងូតទឹកត្រជាក់ដើម្បីឱ្យស្រស់ស្រាយ ខណៈអ្នកខ្លះទៀតជ្រើសរើសទឹកក្ដៅឧណ្ហៗដើម្បីបន្ធូរអារម្មណ៍ និងសាច់ដុំ។ តាមពិត ការងូតទឹកដែលមានសីតុណ្ហភាពស្រួលខ្លួន ឬក្ដៅឧណ្ហៗ គឺជាជម្រើសសមស្របសម្រាប់មនុស្សទូទៅ ដោយមិនចាំបាច់ប្រើទឹកក្ដៅខ្លាំង ឬត្រជាក់ខ្លាំងនោះទេ។
មុនចូលងូតទឹក គួរបន្ថយការហាត់ប្រាណបន្តិចម្តងៗ ដោយចំណាយពេលប្រមាណ ៥ ទៅ ១០នាទី ដូចជា ប្តូរពីការរត់មកដើរយឺតៗ ដើម្បីឱ្យបេះដូង និងរាងកាយវិលត្រឡប់ទៅសភាពធម្មតាវិញ។ ប្រសិនបើនៅតែហត់ខ្លាំង ដកដង្ហើមញាប់ មានអារម្មណ៍ក្តៅខ្លាំង ឬវិលមុខ គួរអង្គុយសម្រាកនៅកន្លែងមានខ្យល់ចេញចូលល្អសិន មិនគួរប្រញាប់ចូលបន្ទប់ទឹកឡើយ។
ការងូតទឹកក្ដៅឧណ្ហៗអាចជួយឱ្យមានអារម្មណ៍ស្រួលខ្លួន ស្ងប់អារម្មណ៍ និងជួយឱ្យចង្វាក់បេះដូងថយចុះបន្តិចម្តងៗ។ ចំណែកទឹកត្រជាក់កម្រិតសមរម្យ អាចជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ ហើយមានការសិក្សាមួយចំនួនបង្ហាញថា អាចជួយបន្ថយការឈឺចាប់ និងជួយដល់ការសម្រាកសាច់ដុំក្រោយហាត់ប្រាណ ប៉ុន្តែភស្តុតាងនៅមានកម្រិត ហើយមិនមែនសុទ្ធតែសមស្របសម្រាប់មនុស្សគ្រប់រូបនោះទេ។
អ្វីដែលគួរជៀសវាង គឺការងូតទឹកក្ដៅខ្លាំង ឬត្រជាក់ខ្លាំងភ្លាមៗក្រោយហាត់ប្រាណ ព្រោះអាចធ្វើឱ្យបេះដូង និងសរសៃឈាមមានការឆ្លើយតបខ្លាំងចំពោះការប្រែប្រួលសីតុណ្ហភាព។ ជាពិសេស អ្នកមានជំងឺបេះដូង ឬបញ្ហាចង្វាក់បេះដូងមិនទៀងទាត់ គួរជៀសវាងការងូតទឹកត្រជាក់ខ្លាំង និងពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើចង់សាកល្បងវិធីនេះ។
សរុបមក ក្រោយហាត់ប្រាណ មិនចាំបាច់ជ្រើសរើសទឹកក្ដៅ ឬទឹកត្រជាក់តែមួយប្រភេទជានិច្ចនោះទេ។ អ្នកចង់សម្រាកអាចជ្រើសរើសទឹកក្ដៅឧណ្ហៗ ចំណែកអ្នកចូលចិត្តភាពស្រស់ស្រាយអាចប្រើទឹកត្រជាក់ក្នុងកម្រិតសមរម្យ។ អ្វីសំខាន់គឺត្រូវសម្រាកបន្ធូរកម្លាំងឱ្យបានគ្រប់គ្រាន់ រង់ចាំឱ្យរាងកាយបាត់ក្តៅ និងជ្រើសរើសសីតុណ្ហភាពទឹកឱ្យសមនឹងសុខភាពរបស់ខ្លួន៕