យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងមិនគ្រប់ម៉ោងអាចធ្វើឱ្យរាងកាយអស់កម្លាំង ងងុយគេង និងពិបាកផ្តោតអារម្មណ៍នៅពេលព្រឹក។ ក្នុងថ្ងៃដែលគេងតិច ការជ្រើសរើសអាហារដែលមានជីវជាតិ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ អាចជួយបំពេញថាមពល និងធ្វើឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយជាងមុន។
អាហារទី១ គឺ ទឹកក្រូចឆ្មារលាយទឹកក្ដៅឧណ្ហៗ ដែលជួយបំពេញជាតិទឹកក្រោយភ្ញាក់ពីគេង និងផ្តល់វីតាមីន C។ ទី២ ស៊ុតស្ងោរ ជាប្រភពប្រូតេអ៊ីន ដែលជួយឱ្យឆ្អែតបានយូរ។ ទី៣ ចេកណាំវ៉ា មានកាបូអ៊ីដ្រាត និងប៉ូតាស្យូម ដែលអាចជួយផ្តល់ថាមពលដល់រាងកាយ។
អាហារទី៤ គឺ សូកូឡាខ្មៅ ដែលមានជាតិកាហ្វេអ៊ីនក្នុងបរិមាណតិច និងសារធាតុផ្សេងៗដែលអាចជួយដល់ការធ្វើការរបស់ខួរក្បាល។ ទី៥ យ៉ាអួញ៉ាំជាមួយផ្លែប៊ឺរី ផ្តល់ប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទី៦ បបរអូត ផ្តល់ថាមពលបន្តិចម្តងៗ ខណៈទី៧ តែបៃតង មានជាតិកាហ្វេអ៊ីន និងសារធាតុដែលអាចជួយឱ្យមានអារម្មណ៍ភ្ញាក់ស្រស់ស្រាយ និងផ្តោតអារម្មណ៍បានល្អ។
ទន្ទឹមនេះ អ្នកគេងមិនគ្រប់គួរជៀសវាងអាហារផ្អែមខ្លាំង និងអាហារបំពងដែលមានជាតិខ្លាញ់ច្រើន ព្រមទាំងផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ។ គួរកុំផឹកកាហ្វេ ឬតែដែលមានជាតិកាហ្វេអ៊ីនច្រើនពេក ព្រោះអាចបង្កឱ្យញ័របេះដូង និងរំខានដល់ដំណេកនៅពេលយប់។
សរុបមក ការញ៉ាំអាហារដូចជា ស៊ុតស្ងោរ ចេក បបរអូត យ៉ាអួ និងផ្លែឈើ អាចជួយផ្តល់ថាមពល និងសារធាតុចិញ្ចឹមដល់រាងកាយនៅថ្ងៃដែលគេងមិនគ្រប់។ ទោះជាយ៉ាងណា អាហារទាំងនេះមិនអាចជំនួសការគេងដែលបាត់បង់បានឡើយ។ ដូច្នេះ គួររៀបចំពេលវេលាគេងឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុខភាព និងថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃ៕