យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសជនជាតិវៀតណាមម្នាក់អាយុ ៤៧ ឆ្នាំ បានស្លាប់ក្រោយឈប់ប្រើថ្នាំលើសឈាមដោយខ្លួនឯង ហើយប្តូរមកផឹកទឹកក្រូចឆ្មារលាយអំបិល និងហាលថ្ងៃរយៈពេល ១០ ថ្ងៃ ដោយជឿថាអាចបន្សាបជាតិពុល និងព្យាបាលជំងឺបាន។
តាមការរាយការណ៍ គ្រូពេទ្យបានរកឃើញថា បុរសរូបនេះមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ បណ្តាលឱ្យសរសៃឈាមក្នុងខួរក្បាលបែក។ ករណីនេះបង្ហាញពីគ្រោះថ្នាក់នៃការជឿលើវិធីព្យាបាលដែលគ្មានភស្តុតាងច្បាស់លាស់ និងការបញ្ឈប់ថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យ។
ការផឹកទឹកក្រូចឆ្មារលាយអំបិលក្នុងបរិមាណច្រើន អាចធ្វើឱ្យរាងកាយទទួលជាតិសូដ្យូមលើសតម្រូវការ និងបង្កើនសម្ពាធឈាម។ ចំណែកការហាលថ្ងៃខ្លាំងអាចធ្វើឱ្យបាត់បង់ជាតិទឹក ដែលអាចធ្វើឱ្យស្ថានភាពសុខភាពកាន់តែប្រឈមនឹងគ្រោះថ្នាក់។
អ្នកជំនាញណែនាំថា អ្នកមានជំងឺលើសឈាមគួរប្រើថ្នាំតាមវេជ្ជបញ្ជា ពិនិត្យសុខភាពជាប្រចាំ និងកាត់បន្ថយការទទួលទានអំបិល។ មិនគួរជឿលើការផ្សព្វផ្សាយតាមបណ្តាញសង្គម ហើយយកវិធីទាំងនោះមកជំនួសការព្យាបាលត្រឹមត្រូវឡើយ ទោះបីមានអារម្មណ៍ថាខ្លួនធូរស្រាលក៏ដោយ។
សូមចងចាំថា កុំឈប់ ឬប្តូរថ្នាំលើសឈាមដោយខ្លួនឯង។ ប្រសិនបើមានអាការៈឈឺក្បាលខ្លាំងភ្លាមៗ ខ្សោយដៃជើងម្ខាង ឬនិយាយមិនច្បាស់ ត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់។ ការទទួលព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន និងការអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ គឺជាវិធីសំខាន់ក្នុងការការពារសុខភាព និងអាយុជីវិត៕