យោងតាមការចុះផ្សាយពីប្រភពបរទេស ការរំលងអាហារថ្ងៃត្រង់ ឬញ៉ាំអាហារបណ្ដើរធ្វើការបណ្ដើរ អាចបណ្ដាលឱ្យរាងកាយអស់កម្លាំង ពិបាកផ្ដោតអារម្មណ៍ និងមានបញ្ហាក្នុងការរំលាយអាហារ។ អ្នកជំនាញព្រមានថា ទម្លាប់នេះអាចប៉ះពាល់ដល់សុខភាព និងប្រសិទ្ធភាពការងារក្នុងរយៈពេលវែង។
ការស្ទង់មតិនៅសិង្ហបុរីក្នុងឆ្នាំ២០២៥ បង្ហាញថា មានតែកម្មករនិយោជិតការិយាល័យ ៣២% ប៉ុណ្ណោះដែលសម្រាកអាហារថ្ងៃត្រង់ពេញម៉ោង។ ចំណែករបាយការណ៍នៅអាម៉េរិកក្នុងឆ្នាំ២០២៥ បានបង្ហាញថា បុគ្គលិកពេញម៉ោង ៥១% រំលងអាហារថ្ងៃត្រង់យ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ ដោយសារការងារច្រើន ការទទួលខុសត្រូវក្នុងគ្រួសារ និងចង់ចេញពីកន្លែងធ្វើការឱ្យបានឆាប់។
អ្នកជំនាញលើកឡើងថា ការញ៉ាំអាហារពេលកំពុងឆ្លើយសារឬធ្វើការងារ អាចធ្វើឱ្យមនុស្សមិនបានសម្រាកពេញលេញ និងងាយជ្រើសរើសអាហារដែលមានជីវជាតិតិច។ ការរំលងអាហារថ្ងៃត្រង់ក៏អាចធ្វើឱ្យអស់កម្លាំងនៅពេលរសៀល ហើយញ៉ាំអាហារច្រើននៅពេលល្ងាច ដែលអាចរំខានដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងអារម្មណ៍ឃ្លាននៅថ្ងៃបន្ទាប់។
មិនត្រឹមតែប៉ះពាល់ដល់រាងកាយទេ ការមិនសម្រាកក៏អាចបង្កើនភាពតានតឹង ធ្វើឱ្យខួរក្បាលនឿយហត់ និងពិបាកគិតបានច្បាស់។ ផ្ទុយទៅវិញ ការសម្រាកញ៉ាំអាហារបានត្រឹមត្រូវអាចជួយឱ្យមនុស្សមានកម្លាំង និងគំនិតថ្មីៗនៅពេលត្រឡប់ទៅធ្វើការ។ ការស្ទង់មតិមួយក៏បង្ហាញថា អ្នកឆ្លើយតប ៨២% យល់ថា ការញ៉ាំអាហារបានត្រឹមត្រូវជួយបង្កើនប្រសិទ្ធភាពការងារ។
ដើម្បីថែរក្សាសុខភាព គួរចំណាយពេលសម្រាកអាហារថ្ងៃត្រង់ឱ្យបានទៀងទាត់ និងគួរញ៉ាំនៅឆ្ងាយពីតុធ្វើការ។ អាហារគួរមានតុល្យភាព រួមមានបាយឬអាហារផ្ដល់ថាមពល ប្រភពប្រូតេអ៊ីន និងខ្លាញ់ដែលសមស្រប។ សម្រាប់អ្នករវល់ អាចត្រៀមអាហារសម្រន់ដែលមានជីវជាតិ ដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ និងប៊ឺសណ្ដែកដី ដើម្បីជួយរក្សាកម្លាំងរហូតដល់ម៉ោងបន្ទាប់ ៕