យោងតាមការចុះផ្សាយពីប្រភពបរទេស ការភ្ញាក់ពីគេងនៅចន្លោះម៉ោង ៣ ដល់ម៉ោង ៤ ទៀបភ្លឺ ហើយគេងវិញមិនលក់ អាចកើតឡើងដោយសារភាពតានតឹង ការប្រែប្រួលនៃការគេង ឬទម្លាប់ប្រចាំថ្ងៃ។ បើកើតឡើងញឹកញាប់ និងធ្វើឱ្យអស់កម្លាំង ងងុយគេង ឬឆាប់ខឹងនៅពេលថ្ងៃ គួរយកចិត្តទុកដាក់ ព្រោះវាអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពមួយចំនួន។
មូលហេតុទី១ គឺភាពតានតឹង ការថប់បារម្ភ ឬអារម្មណ៍សោកសៅ ដែលអាចធ្វើឱ្យខួរក្បាលមិនស្ងប់ និងពិបាកគេងបន្ត។ ទី២ គឺបញ្ហាបេះដូង និងសរសៃឈាម ប្រសិនបើភ្ញាក់ឡើងជាមួយអាការៈបេះដូងលោតញាប់ វិលមុខ ឬតឹងទ្រូង។ បើមានការឈឺទ្រូងខ្លាំង ពិបាកដកដង្ហើម បែកញើសខ្លាំង ឬឈឺរាលដាលទៅដៃ និងថ្គាម ត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់។
មូលហេតុទី៣ គឺការគេងស្រមុកខ្លាំង និងផ្អាកដកដង្ហើមពេលគេង ដែលអាចធ្វើឱ្យភ្ញាក់ញឹកញាប់ ហើយព្រឹកឡើងនៅតែអស់កម្លាំង។ ទី៤ គឺការប្រែប្រួលអ័រម៉ូន ជាពិសេសចំពោះស្ត្រីក្នុងវ័យជិតអស់រដូវ ដែលអាចមានអាការៈក្តៅខ្លួនភ្លាមៗ និងបែកញើសពេលយប់។ បញ្ហាក្រពេញទីរ៉ូអ៊ីតក៏អាចបង្កឱ្យបេះដូងលោតញាប់ ញ័រដៃ និងគេងមិនស្រួលផងដែរ។
មូលហេតុទី៥ គឺបញ្ហាផ្លូវដង្ហើម ដូចជា ជំងឺហឺត ដែលអាចធ្វើឱ្យក្អក ដកដង្ហើមមានសំឡេង ឬតឹងទ្រូងពេលយប់។ ដើម្បីកែលម្អការគេង គួរចូលគេង និងភ្ញាក់នៅម៉ោងទៀងទាត់ កាត់បន្ថយកាហ្វេ និងស្រានៅពេលរសៀលឬល្ងាច ជៀសវាងអាហារធ្ងន់មុនចូលគេង និងកាត់បន្ថយការប្រើទូរសព្ទលើគ្រែ។ ប្រសិនបើភ្ញាក់ហើយគេងមិនលក់ កុំមើលនាឡិកាម្តងហើយម្តងទៀត ព្រោះការបារម្ភអំពីម៉ោងអាចធ្វើឱ្យកាន់តែពិបាកគេង។
សរុបមក ការភ្ញាក់នៅម៉ោង ៣–៤ ទៀបភ្លឺមិនមែនមានន័យថាអ្នកកំពុងមានជំងឺជានិច្ចនោះទេ។ ប៉ុន្តែបើបញ្ហានេះបន្តលើសពី ២–៣ សប្តាហ៍ ប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ឬមានអាការៈដូចជា ស្រមុកខ្លាំង ផ្អាកដកដង្ហើម បេះដូងលោតញាប់ ឬបែកញើសខ្លាំងពេលយប់ គួរទៅពិនិត្យសុខភាព ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប៕