យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទឹកដាំពុះអាចជួយសម្លាប់មេរោគជាច្រើនក៏ដោយ ក៏ទឹកអាចកខ្វក់ឡើងវិញក្រោយពេលត្រជាក់ ប្រសិនបើរក្សាទុកមិនបានត្រឹមត្រូវ។ ដើម្បីការពារសុខភាពគ្រួសារ មានទម្លាប់ ៥ យ៉ាងពាក់ព័ន្ធនឹងការរក្សាទុក និងការផឹកទឹក ដែលគួរយកចិត្តទុកដាក់។
ទីមួយ គឺការទុកទឹកដាំពុះយូរពេក។ គួរដាំទឹកត្រឹមបរិមាណដែលត្រូវប្រើ និងរក្សាទុកក្នុងធុងស្អាតដែលមានគម្របបិទជិត។ ទីពីរ គឺការចាក់ទឹកថ្មីបន្ថែមលើទឹកចាស់ក្នុងធុងដដែល។ ទម្លាប់នេះអាចធ្វើឱ្យទឹកចាស់នៅសល់យូរ និងបង្កើនហានិភ័យកខ្វក់ ប្រសិនបើធុងមិនបានសម្អាតជាប្រចាំ។ គួរប្រើទឹកចាស់ឱ្យអស់ សម្អាតធុង ហើយទើបចាក់ទឹកថ្មី។
ទីបី គឺប្រើធុងទឹកយូរដោយមិនសម្អាត។ ធុងទឹក គម្រប និងក្បាលក្បាលបង្ហូរទឹក អាចប្រមូលផ្តុំធូលី កាកសំណល់ ឬកំណកកខ្វក់បាន។ ដូច្នេះ គួរលាងសម្អាតជាប្រចាំ និងទុកឱ្យស្ងួតស្អាត។ ទីបួន គឺដាក់ធុងទឹកនៅកន្លែងក្តៅ ឬក្រោមពន្លឺថ្ងៃផ្ទាល់។ គួរដាក់ទឹកនៅកន្លែងស្អាត ត្រជាក់ និងស្ងួត ហើយប្រសិនបើប្រើដបប្លាស្ទិក ត្រូវអនុវត្តតាមការណែនាំរបស់អ្នកផលិតអំពីការដាក់ទឹកក្តៅ។
ទីប្រាំ គឺផឹកទឹកដោយផ្ទាល់ពីធុង ឬប្រើកែវមិនស្អាតដួសទឹក។ ទម្លាប់នេះអាចនាំមេរោគ និងកខ្វក់ចូលទៅក្នុងទឹកដែលនៅសល់។ ដូច្នេះ គួរចាក់ទឹកដាក់ក្នុងកែវស្អាតមុនផឹក ហើយរក្សាក្បាលបង្ហូរទឹកឱ្យស្អាតជានិច្ច។ បើទឹកមានក្លិន រសជាតិ ឬពណ៌ប្រែប្រួលខុសប្រក្រតី គួរឈប់ប្រើប្រាស់។ ការដាំទឹកឱ្យពុះគឺសំខាន់ ប៉ុន្តែការរក្សាទុកក្នុងធុងស្អាត និងការប្រើប្រាស់ដោយមានអនាម័យ ក៏ជាចំណុចមិនគួរមើលរំលងដែរ ដើម្បីជួយការពារសុខភាពអ្នក និងគ្រួសារ៕