យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញយានយន្តបានចែករំលែកវិធីប្លែកមួយ ដើម្បីជួយឱ្យអ្នកបើកបរបង្កើតទម្លាប់បើកបរបានរលូន និងអាចជួយសន្សំសាំងបាន។ វិធីនេះគឺដាក់ចានទឹកដែលគ្មានគម្របនៅលើកៅអីអ្នកដំណើរ ដើម្បីរំឭកអ្នកបើកបរឱ្យជៀសវាងការជាន់ហ្គែរខ្លាំង និងការចាប់ហ្វ្រាំងភ្លាមៗ។
គោលការណ៍នេះសាមញ្ញណាស់ ប្រសិនបើអ្នកបើកបរជាន់ហ្គែរខ្លាំង ឬចាប់ហ្វ្រាំងភ្លាមៗ ទឹកក្នុងចានអាចកំពប់ចេញមក។ ការសង្កេតមើលទឹកអាចជួយរំឭកឱ្យអ្នកបើកបរបន្ថយល្បឿន និងបង្កើនល្បឿនដោយរលូន។ ការបើកបរបែបនេះអាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធ្វើឱ្យអ្នកដំណើរមានផាសុកភាពជាងមុន។
ទោះជាយ៉ាងណា វិធីដាក់ចានទឹកនេះមិនជួយសន្សំសាំងដោយផ្ទាល់ទេ ហើយចានទឹកក៏អាចរំខានដល់ការបើកបរ ឬបង្កការកំពប់ទឹកផងដែរ។ ដូច្នេះ មិនគួរដាក់ចានដែលអាចរអិល ឬកំពប់ទឹកនៅកន្លែងដែលរំខានដល់អ្នកបើកបរឡើយ។ អ្វីដែលសំខាន់បំផុត គឺផ្ដោតលើផ្លូវ និងរក្សាសុវត្ថិភាពជានិច្ច។
ក្រៅពីនេះ អ្នកជំនាញក៏ណែនាំឱ្យចតរថយន្តក្នុងកន្លែងមានម្លប់ ឬក្នុងយានដ្ឋាន ប្រសិនបើអាចធ្វើទៅបាន ដើម្បីកាត់បន្ថយកម្ដៅក្នុងរថយន្ត។ គួរដកសម្ភារៈធ្ងន់ៗដែលមិនចាំបាច់ចេញពីរថយន្ត ព្រោះទម្ងន់កាន់តែច្រើនអាចធ្វើឱ្យម៉ាស៊ីនប្រើប្រាស់ប្រេងកាន់តែច្រើន។ សម្រាប់ចម្ងាយជិត អាចដើរ ឬជិះកង់ជំនួសការបើកបរបាន។
សរុបមក ការបើកបរដោយរលូន ការកាត់បន្ថយទម្ងន់មិនចាំបាច់ក្នុងរថយន្ត និងការជ្រើសរើសដើរ ឬជិះកង់សម្រាប់ចម្ងាយខ្លី អាចជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ។ ទោះប្រើវិធីណាក៏ដោយ សុវត្ថិភាពត្រូវតែជាអាទិភាព ដោយគោរពច្បាប់ចរាចរណ៍ និងរក្សាចម្ងាយសុវត្ថិភាពពីយានយន្តខាងមុខជានិច្ច៕