យោងតាមការចុះផ្សាយពីប្រភពបរទេស ទូទឹកកកជាទូទៅអាចប្រើប្រាស់បានប្រហែល ១០ ទៅ ១៥ ឆ្នាំ។ ប៉ុន្តែ ប្រសិនបើទូទឹកកកចាប់ផ្ដើមត្រជាក់មិនគ្រប់គ្រាន់ មានទឹកកកកកច្រើន សំឡេងប្លែកៗ ឬត្រូវជួសជុលញឹកញាប់ នោះអាចជាសញ្ញាបង្ហាញថា គ្រឿងប្រើប្រាស់នេះកំពុងមានបញ្ហា និងអាចត្រូវពិចារណាប្តូរថ្មី។
សញ្ញាទី១ គឺទូទឹកកកមិនត្រជាក់គ្រប់គ្រាន់។ គួរប្រើឧបករណ៍វាស់សីតុណ្ហភាព ដើម្បីពិនិត្យថា ផ្នែករក្សាអាហារត្រជាក់មានសីតុណ្ហភាពមិនលើសពី ៤ អង្សាសេ និងផ្នែកបង្កកមានសីតុណ្ហភាពប្រហែល -១៨ អង្សាសេ។ មុនហៅជាង គួរពិនិត្យមើលការកំណត់សីតុណ្ហភាព ទ្វារបិទជិតល្អឬអត់ និងថាតើអាហារបាំងរន្ធខ្យល់ដែរឬទេ។ ប្រសិនបើនៅតែមិនត្រជាក់ អាហារអាចខូចដោយមិនទាន់មានក្លិនឬរូបរាងប្រែប្រួលច្បាស់ឡើយ។
សញ្ញាទី២ គឺមានសំណើម ឬទឹកកកកកច្រើនជាបន្តបន្ទាប់។ បញ្ហានេះអាចបណ្ដាលមកពីជ័របិទជុំវិញទ្វារខូច រហែក ឬបិទមិនជិត ធ្វើឱ្យខ្យល់ក្តៅចូលខាងក្នុង។ គួរពិនិត្យជ័របិទទ្វារ សម្អាតធូលី និងពិនិត្យរន្ធខ្យល់។ ប្រសិនបើមានសំណើមច្រើន ទឹកកកកកខុសធម្មតា ឬអាហារកកនៅផ្នែករក្សាត្រជាក់ នោះអាចជាសញ្ញាថាទូកំពុងមានបញ្ហា។
សញ្ញាទី៣ គឺមានសំឡេងប្លែកៗជាប់ៗគ្នា។ សំឡេងហ៊ឹងតិចៗ ឬសំឡេងកកិតម្តងម្កាលពេលទូបញ្ចេញទឹកកក អាចជារឿងធម្មតា ប៉ុន្តែបើមានសំឡេងថ្មីដែលមិនឈប់ គួរហៅជាងពិនិត្យ។ មូលហេតុអាចជាបញ្ហាតូចៗ ដូចជាថាសទឹករលុង ឬបញ្ហាធ្ងន់ធ្ងរដូចជាម៉ាស៊ីនបង្ហាប់។ សញ្ញាទី៤ គឺតម្លៃជួសជុលកាន់តែថ្លៃ។ មុនសម្រេចចិត្តប្តូរថ្មី គួរពិនិត្យការធានា និងស្នើសុំតម្លៃជួសជុល ដើម្បីប្រៀបធៀបនឹងតម្លៃទិញទូថ្មី ដោយគិតពីអាយុកាល ស្ថានភាព និងចំណាយក្នុងរយៈពេលវែង។ ជាទូទៅ ទូដែលមានអាយុក្រោម ១០ ឆ្នាំអាចមានតម្លៃជួសជុលសមរម្យជាងការទិញថ្មី ប៉ុន្តែអាស្រ័យលើប្រភេទនិងបញ្ហាជាក់ស្តែងផងដែរ៕