យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកស្រា គេងយប់ជ្រៅ និងរួមភេទនៅពេលរាងកាយអស់កម្លាំង អាចបង្កផលប៉ះពាល់ដល់សុខភាពដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍។ វេជ្ជបណ្ឌិតបានព្រមានថា ការប្រើប្រាស់គ្រឿងស្រវឹងច្រើនអាចធ្វើឱ្យបុរសពិបាកឱ្យលិង្គឡើងរឹង ឬបញ្ចេញទឹកកាមមិនប្រក្រតី ខណៈស្ត្រីអាចថយចុះអារម្មណ៍ និងមានអាការៈស្ងួតក្រហាយ។
ការគេងមិនគ្រប់គ្រាន់ក៏ធ្វើឱ្យរាងកាយនឿយហត់ និងអាចបន្ថយចំណង់ផ្លូវភេទផងដែរ។ លើសពីនេះ ការស្រវឹងអាចធ្វើឱ្យមនុស្សខ្វះការប្រុងប្រយ័ត្ន និងភ្លេចប្រើស្រោមអនាម័យ ដែលបង្កើនហានិភ័យនៃការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងការឆ្លងជំងឺតាមការរួមភេទ។
អ្វីដែលគួរឱ្យបារម្ភ គឺការរួមភេទនៅពេលរាងកាយអស់កម្លាំងខ្លាំង ឬមានជំងឺបេះដូង និងសរសៃឈាមស្រាប់ អាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព។ សញ្ញាដែលមិនគួរមើលរំលង រួមមាន ឈឺក្បាលខ្លាំងភ្លាមៗ ឈឺទ្រូង ពិបាកដកដង្ហើម វិលមុខខ្លាំង ឬហូរឈាមច្រើនក្រោយរួមភេទ។ ប្រសិនបើមានសញ្ញាទាំងនេះ ត្រូវស្វែងរកជំនួយវេជ្ជសាស្ត្របន្ទាន់។
ដើម្បីកាត់បន្ថយហានិភ័យ គួរជៀសវាងរួមភេទនៅពេលស្រវឹង ខ្វះដំណេក ឬនឿយហត់ក្រោយធ្វើដំណើរផ្លូវឆ្ងាយ និងគួរសម្រាកឱ្យបានគ្រប់គ្រាន់។ ក្នុងពេលរួមភេទ គួរចាប់ផ្តើមដោយថ្នមៗ ប្រើសារធាតុជួយរំអិលនៅពេលចាំបាច់ និងឈប់ភ្លាម ប្រសិនបើមានការឈឺចាប់ ឬអាការៈមិនប្រក្រតី។
ការរួមភេទប្រកបដោយសុវត្ថិភាព មិនមែនអាស្រ័យតែលើអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការយល់ដឹង និងការទទួលខុសត្រូវចំពោះសុខភាពខ្លួនឯង និងដៃគូផងដែរ។ ការប្រើស្រោមអនាម័យ ការគេងឱ្យគ្រប់គ្រាន់ និងការជៀសវាងគ្រឿងស្រវឹងមុនរួមភេទ អាចជួយកាត់បន្ថយហានិភ័យ និងធ្វើឱ្យជីវិតគូកាន់តែមានសុវត្ថិភាព៕