យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីប្រមាណ ៧៥% ធ្លាប់ឈឺចាប់ពេលរួមភេទយ៉ាងហោចណាស់ម្តងក្នុងជីវិត។ ការឈឺចាប់ខ្លះអាចបណ្តាលមកពីភាពស្ងួត ឬការរួមភេទមិនសមស្រប ប៉ុន្តែបើឈឺខ្លាំង ដូចត្រូវមុត ឬកើតឡើងជាញឹកញាប់ អាចជាសញ្ញានៃបញ្ហាសុខភាពដែលត្រូវពិនិត្យ។
ទី១៖ ឈឺខ្លាំង ឬចុកចាប់ជ្រៅៗ។ ប្រសិនបើការរួមភេទធ្វើឱ្យឈឺរហូតត្រូវបញ្ឈប់ ឬឈឺកាន់តែខ្លាំងម្តងហើយម្តងទៀត អាចពាក់ព័ន្ធនឹងបញ្ហាស្បូន ឬសាច់ដុំតំបន់អាងត្រគាក។ ចំណែកឯការឈឺនៅពេលរួមភេទជ្រៅ ជាពិសេសបើមានរដូវមិនប្រក្រតី ឬឈឺពោះពេលមករដូវខ្លាំង ក៏គួរទៅពិនិត្យដែរ។
ទី២៖ ឈឺក្រហាយពេលបត់ជើងតូចក្រោយរួមភេទ។ អាការៈនេះអាចពាក់ព័ន្ធនឹងការឆ្លងមេរោគផ្លូវទឹកនោម ឬការរលាកតំបន់ប្រដាប់បន្តពូជ។ ប្រសិនបើកើតឡើងញឹកញាប់ គួរទៅជួបគ្រូពេទ្យ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលត្រឹមត្រូវ។
ទី៣៖ ស្ងួត និងក្រហាយ ទោះប្រើសារធាតុជួយរំអិលក៏ដោយ។ ភាពស្ងួតតំបន់ប្រដាប់បន្តពូជអាចកើតមានក្រោយសម្រាលកូន ក្នុងអំឡុងពេលជិតអស់រដូវ ឬក្រោយអស់រដូវ។ បើនៅតែឈឺ ទោះបានប្រើសារធាតុជួយរំអិលក៏ដោយ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យរកមូលហេតុផ្សេងៗ។
ទី៤៖ ឈឺរួមជាមួយការហូរឈាម ឬទឹករំអិលខុសធម្មតា។ ប្រសិនបើមានឈាមចេញក្រៅពេលមករដូវ ទឹករំអិលមានក្លិនមិនល្អ ប្រែពណ៌ ឬមានអាការៈរមាស់ និងក្រហាយ គួរទៅពិនិត្យសុខភាពស្ត្រីឱ្យបានឆាប់។ កុំទ្រាំនឹងការឈឺចាប់ដែលកើតឡើងដដែលៗ ព្រោះការរកឃើញមូលហេតុទាន់ពេលអាចជួយឱ្យទទួលការព្យាបាលសមស្រប និងការពារបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ៕