មនុស្សជាច្រើនតែងតែមានសេចក្តីសោមនស្សរីករាយ នៅពេលដែលឃើញទម្ងន់ខ្លួនឯងថយចុះដោយមិនបាច់តមអាហារ ឬមិនបាច់ហាត់ប្រាណ។ ប៉ុន្តែ តើអ្នកដឹងទេថា ការស្រកទម្ងន់យ៉ាងគំហុក និងខុសធម្មតា (ជាទូទៅ ការបាត់បង់ទម្ងន់លើសពី ៥% នៃទម្ងន់ខ្លួនសរុបក្នុងរយៈពេល ៦ខែ) មិនមែនជារឿងធម្មតាឡើយ វាគឺជា «សំឡេងរោទ៍ប្រកាសអាសន្ន» ពីប្រព័ន្ធរាងកាយ ដែលកំពុងប្រឈមមុខនឹងជំងឺដ៏គ្រោះថ្នាក់មួយចំនួន៖
១. ជំងឺទឹកនោមផ្អែម
នៅពេលដែលរាងកាយមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចប្រើប្រាស់អាំងស៊ុយលីនបានល្អ វាមិនអាចទាញយកជាតិស្ករពីឈាមទៅចិញ្ចឹមកោសិកាបានទេ។ ជាលទ្ធផល រាងកាយនឹងចាប់ផ្តើមដុតបំផ្លាញ ខ្លាញ់ និងជាលិកាសាច់ដុំ ក្នុងខ្លួនមកធ្វើជាថាមពលជំនួសវិញ ដែលបណ្តាលឱ្យទម្ងន់ស្រកចុះយ៉ាងលឿន ទោះបីជាអ្នកញ៉ាំច្រើនជាងមុនក៏ដោយ។
២. ជំងឺក្រពេញទីរ៉ូអ៊ីតលើសកម្រិត
ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក ដែលមាននាទីបញ្ចេញអរម៉ូនគ្រប់គ្រងល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយ (Metabolism)។ ប្រសិនបើក្រពេញនេះសកម្មហួសហេតុ វាធ្វើឱ្យប្រព័ន្ធរដូវដុតរំលាយអាហារដំណើរការលឿនខុសធម្មតា បណ្តាលឱ្យអ្នកឆាប់ឃ្លាន ញ៉ាំច្រើន តែរាងកាយនៅតែស្គមស្រកចុះ ព្រមទាំងមានអាការញ័រដៃ ញាក់ទ្រូង និងឆេវឆាវ។
៣. ជំងឺមហារីក
នេះជារោគសញ្ញាគួរឱ្យព្រួយបារម្ភបំផុតមួយ។ កោសិកាមហារីកដែលលូតលាស់ក្នុងរាងកាយ ប្រើប្រាស់ថាមពលច្រើនលើសលុប និងបញ្ចេញសារធាតុគីមីម្យ៉ាង (Cytokines) ដែលបំផ្លាញសាច់ដុំ និងខ្លាញ់ក្នុងខ្លួន បណ្តាលឱ្យអ្នកជំងឺស្រកទម្ងន់យ៉ាងឆាប់រហ័ស អស់កម្លាំងល្វើយ និងបាត់បង់ចំណង់អាហារ។
៤. ជំងឺរលាករ៉ាំរ៉ៃ ឬជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ
បញ្ហានៅក្នុងប្រព័ន្ធរំលាយអាហារ ដូចជាជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBD) ជំងឺរលាកលំពែងរ៉ាំរ៉ៃ ឬដំបៅក្រពះធ្ងន់ធ្ងរ ធ្វើឱ្យរាងកាយមិនអាចស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារបាន ទោះបីជាអ្នកទទួលទានគ្រប់គ្រាន់ក៏ដោយ ដែលនាំឱ្យទម្ងន់បន្តធ្លាក់ចុះជាលំដាប់។
៥. ជំងឺបាក់ទឹកចិត្ត ឬស្រ្តេសរ៉ាំរ៉ៃ
សុខភាពផ្លូវចិត្ត និងផ្លូវកាយគឺពាក់ព័ន្ធគ្នាជាខ្លាំង។ ពេលដែលអ្នកជួបប្រទះភាពស្រ្តេសខ្លាំង ឬជំងឺបាក់ទឹកចិត្ត វាអាចកាត់បន្ថយចំណង់អាហារយ៉ាងខ្លាំង បណ្តាលឱ្យប្រព័ន្ធរំលាយអាហារប្រែប្រួល និងធ្វើឱ្យទម្ងន់ស្រកចុះដោយមិនដឹងខ្លួន។