ជំងឺទឹកនោមផ្អែម ត្រូវ បានគេប្រសិទ្ធនាមថាជា «ឃាតករស្ងៀមស្ងាត់» ព្រោះវាតែងតែលួចបំផ្លាញសុខភាពរាងកាយយើងបន្តិចម្តងៗ ដោយមិនសូវចេញរោគសញ្ញាធ្ងន់ធ្ងរភ្លាមៗនោះទេ។ មនុស្សភាគច្រើនតែងតែគិតថា លុះត្រាតែមួកក្បាល ឬសន្លប់ ទើបដឹងថាខ្លួនកើតជំងឺនេះ ប៉ុន្តែការពិតទៅ រាងកាយរបស់យើងតែងតែផ្ញើសញ្ញាប្រកាសអាសន្នតូចៗជានិច្ច!
ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់មានរោគសញ្ញាស្ងាត់ៗទាំង ៦ ខាងក្រោមនេះ ចូរប្រញាប់យកចិត្តទុកដាក់៖
១. នោមញឹក (ពិសេសពេលយប់) និងស្រេកទឹកខុសធម្មតា
នៅពេលកម្រិតស្ករក្នុងឈាមឡើងខ្ពស់ តម្រងនោមត្រូវធ្វើការធ្ងន់ធ្ងរជាងមុនដើម្បីរុញច្រានស្ករលើសចេញតាមរយៈទឹកនោម។ ផលវិបាកគឺធ្វើឱ្យអ្នក៖
-ត្រូវក្រោកទៅបន្ទប់ទឹកច្រើនដងនៅពេលយប់ រំខានដល់ការគេង
-មានអារម្មណ៍ថាស្ងួតបំពង់ក និងស្រេកទឹកជាប្រចាំ ទោះបីជាផឹកទឹកច្រើនយ៉ាងណាក៏ដោយ
២. អស់កម្លាំងលឿន និងល្វីងមុខ
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាញ៉ាំឆ្អែត គេងគ្រប់គ្រាន់ ប៉ុន្តែនៅតែល្ហិតល្ហៃ? នៅពេលកោសិកាមិនអាចស្រូបយកជាតិស្ករទៅបំប្លែងជាថាមពលបាន (ដោយសារកង្វះអាំងស៊ុយលីន ឬស៊ាំនឹងអាំងស៊ុយលីន) រាងកាយរបស់អ្នកនឹងខ្វះថាមពលភ្លាមៗ បណ្តាលឱ្យអស់កម្លាំង ល្វើយ និងមិនសូវមានស្មារតីផ្តោតអារម្មណ៍។
៣. ស្រកទម្ងន់ខុសធម្មតា ដោយមិនបានសម្រក
ប្រសិនបើទម្ងន់របស់អ្នកស្រក់ចុះលឿន ដោយអ្នកមិនបានតមអាហារ ឬហាត់ប្រាណទាល់តែសោះ កុំអាលអរឱ្យសោះ! នៅពេលរាងកាយមិនអាចប្រើប្រាស់ជាតិស្ករជាថាមពលបាន វាច្បាស់ជាចាប់ផ្តើមដុតរំលាយ ជាតិខ្លាញ់ និងសាច់ដុំ នៅក្នុងខ្លួនមកជំនួសវិញ ដែលជាហេតុធ្វើឱ្យទម្ងន់ស្រកចុះយ៉ាងគំហុក។
៤. ភ្នែកស្រអាប់ ឬមើលមិនសូវច្បាស់
កម្រិតស្ករក្នុងឈាមខ្ពស់ អាចទាញយកជាតិទឹកចេញពីកញ្ចក់ភ្នែក (Lenses) ធ្វើឱ្យកញ្ចក់ភ្នែកហើម និងប្រែប្រួលរូបរាង។ វានឹងធ្វើឱ្យភ្នែករបស់អ្នកចាប់ផ្តើមស្រអាប់ មើលរូបភាពមិនច្បាស់ ឬមានអារម្មណ៍ថាភ្នែកស្ងួតខុសពីធម្មតា។
5. រមាស់ស្បែក និងមានស្នាមខ្មៅជាំនៅដើមគ ឬក្លៀក
ស្នាមជាំខ្មៅ (Acanthosis Nigricans)៖ ស្បែកនៅម្តុំផ្នត់ក ក្លៀក ឬក្រៀកភ្លៅ ប្រែជាខ្មៅ និងក្រាស់ខុសពីធម្មតា ៖ នេះជាសញ្ញានៃ “ការស៊ាំនឹងអាំងស៊ុយលីន” (Insulin Resistance)។
ស្បែកស្ងួត និងរមាស់៖ ការបាត់បង់ជាតិទឹកច្រើនតាមទឹកនោម ធ្វើឱ្យស្បែកស្ងួត និងងាយរមាស់។
៦. របួសក្រជាសះស្បើយ ឬងាយឆ្លងរោគ
ជាតិស្ករខ្ពស់ក្នុងឈាម បំផ្លាញសរសៃឈាមតូចៗ និងប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យចរន្តឈាមរត់មិនបានល្អ។ ប្រសិនបើអ្នកមានមុខរបួស ឬដំបៅតូចតាច ហើយសង្កេតឃើញថាវាយូរជាសះស្បើយខុសពីធម្មតា ឬងាយនឹងរលាកឆ្លងរោគ នោះជាសញ្ញាព្រមានដ៏សំខាន់មួយ!