យោងតាមការចុះផ្សាយពីប្រភពបរទេស សារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាក្នុងរាងកាយពីការខូចខាត។ ក្រៅពីផ្លែទទឹម អាហារជាច្រើនទៀតក៏សម្បូរទៅដោយសារធាតុទាំងនេះ ដែលអាចជួយគាំទ្រដល់សុខភាពទូទៅ ជាពិសេសសុខភាពភ្នែក និងបេះដូង។ អាហារទាំង ១០មុខដែលគួរដឹងរួមមាន ផ្លែអែលឌើរបឺរីពណ៌ខ្មៅ ផ្កាអាទីឆុក ផ្លែប៊្លែកបឺរី កាហ្វេ ផ្លែស្ត្របឺរី សូកូឡាខ្មៅ ផ្លែរ៉ាសបឺរី ស្រាក្រហម ផ្លែប៉ោម និងស្ពៃខ្មៅ។
ផ្លែអែលឌើរបឺរីពណ៌ខ្មៅ ផ្លែប៊្លែកបឺរី និងផ្លែស្ត្របឺរី មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនមួយចំនួន ដែលជួយការពារកោសិកាពីការខូចខាត។ ចំណែក ផ្កាអាទីឆុក មានវីតាមីន C និងសារធាតុរុក្ខជាតិដែលត្រូវបានសិក្សាអំពីអត្ថប្រយោជន៍ចំពោះសុខភាព។ ចំពោះផ្លែអែលឌើរបឺរីពណ៌ខ្មៅ មិនគួរញ៉ាំឆៅទេ ព្រោះអាចមានសារធាតុពុល ហើយត្រូវចម្អិនឱ្យបានត្រឹមត្រូវមុនទទួលទាន។
កាហ្វេ សូកូឡាខ្មៅ និងផ្លែរ៉ាសបឺរី ក៏ជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ កាហ្វេមានសារធាតុប៉ូលីហ្វេណុល ខណៈសូកូឡាខ្មៅមានសារធាតុពីគ្រាប់កាកាវដែលត្រូវបានសិក្សាពាក់ព័ន្ធនឹងអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង។ ផ្លែរ៉ាសបឺរីមានសារធាតុដែលអាចជួយទប់ទល់នឹងការខូចខាតកោសិកា។ ទោះជាយ៉ាងណា គួរទទួលទានកាហ្វេ និងសូកូឡាខ្មៅក្នុងបរិមាណសមស្រប និងកាត់បន្ថយស្ករបន្ថែម។
ផ្លែប៉ោម និងស្ពៃខ្មៅ ក៏មានសារធាតុចិញ្ចឹមគួរឱ្យចាប់អារម្មណ៍។ សំបកផ្លែប៉ោមមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin។ ចំណែកស្ពៃខ្មៅមានសារធាតុលូទីអ៊ីន និងសេអាសង់ទីន ដែលមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រមទាំងមានជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀត។ ការបញ្ចូលបន្លែបៃតងក្នុងរបបអាហារចម្រុះ អាចជួយផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។
ចំណែក ស្រាក្រហម មានសារធាតុដូចជា resveratrol និង catechins ដែលត្រូវបានសិក្សាពាក់ព័ន្ធនឹងសុខភាពបេះដូង ប៉ុន្តែមិនគួរចាប់ផ្តើមផឹកស្រាដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពឡើយ ព្រោះស្រាមានហានិភ័យដល់រាងកាយ។ ជារួម ការថែរក្សាសុខភាពភ្នែក និងបេះដូងមិនអាស្រ័យលើអាហារតែមួយមុខទេ។ គួរញ៉ាំបន្លែ និងផ្លែឈើឱ្យបានចម្រុះ រក្សារបបអាហារមានតុល្យភាព ហាត់ប្រាណ និងកាត់បន្ថយអាហារដែលមានស្ករ អំបិល ឬខ្លាញ់មិនល្អច្រើន៕