យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីផ្ទះស្អាតក៏ដោយ មូសអាចបង្កាត់ពូជនៅកន្លែងដែលមានទឹកដក់តិចតួច និងពិបាកសម្គាល់។ ដូច្នេះ ការសម្អាតផ្ទះគួរតែរួមបញ្ចូលការពិនិត្យកន្លែងលាក់ខ្លួនទាំងនេះ ដើម្បីកាត់បន្ថយហានិភ័យជំងឺដែលបង្កដោយមូស ជាពិសេសជំងឺគ្រុនឈាម។
កន្លែងទី១៖ ថាសទឹកក្រោមឧបករណ៍អគ្គិសនី។ ថាសក្រោមទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនចម្រោះទឹក អាចប្រមូលទឹកដោយមិនដឹងខ្លួន។ គួរពិនិត្យ និងសម្អាតយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។
កន្លែងទី២៖ ថូផ្កា និងចានក្រោមផើងផ្កា។ គួរប្តូរទឹកក្នុងថូផ្កា ដុសលាងធុង និងចាក់ទឹកដែលដក់ក្នុងចានផើងចេញ ព្រោះពងមូសអាចជាប់នៅតាមជញ្ជាំងធុងបាន។
កន្លែងទី៣៖ ធុងទឹក និងវត្ថុដែលទុកចោល។ ធុង ប៉ោតទឹក ដប និងប្រដាប់ក្មេងលេង អាចប្រមូលទឹកភ្លៀងបាន។ គួរដាក់វត្ថុទាំងនេះឱ្យផុតពីភ្លៀង ឬបញ្ច្រាសមាត់ចុះ ហើយប្តូរទឹកក្នុងចានសត្វចិញ្ចឹម និងដុសសម្អាតជាប្រចាំ។
កន្លែងទី៤៖ លូ ដំបូល និងយ៉រ។ ស្លឹកឈើ និងសំរាមអាចស្ទះលូ បណ្តាលឱ្យទឹកដក់។ គួរពិនិត្យក្រោយភ្លៀង និងបង្ហូរទឹកចេញ។ កន្លែងទី៥៖ ជ្រុងងងឹត និងសើមក្នុងផ្ទះ។ មូសពេញវ័យអាចសម្រាកក្រោយវាំងនន ក្រោមគ្រឿងសង្ហារិម ឬក្នុងទូ។ គួរសម្អាតកន្លែងទាំងនេះ និងដំឡើងសំណាញ់ការពារមូសតាមបង្អួច។ ការពិនិត្យផ្ទះរៀងរាល់សប្តាហ៍ និងកម្ចាត់ទឹកដក់ គឺជាវិធីសំខាន់ក្នុងការកាត់បន្ថយការបង្កាត់ពូជមូស៕