យោងតាមការចុះផ្សាយពីប្រភបរទេស ចេកជាផ្លែឈើដែលមានសារធាតុចិញ្ចឹម អាចជួយដល់ការរំលាយអាហារ ការបន្ទោរបង់ និងការគ្រប់គ្រងសម្ពាធឈាម។ ទោះជាយ៉ាងណា ការញ៉ាំចេកជាមួយអាហារមួយចំនួន អាចធ្វើឱ្យមនុស្សដែលមានប្រព័ន្ធរំលាយអាហារងាយប្រតិកម្ម ជួបបញ្ហាហើមពោះ ឈឺពោះ ឬរាគ។ បញ្ហានេះមិនមែនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ។
ទី១៖ ចេកជាមួយយ៉ាអួ។ យ៉ាអួមានបាក់តេរីមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលមានពោះវៀនងាយប្រតិកម្ម ការញ៉ាំចេកជាមួយយ៉ាអួអាចបណ្តាលឱ្យហើមពោះ មិនស្រួលក្នុងពោះ ឬរាគ។ ប្រសិនបើអ្នកញ៉ាំអាហារទាំងពីរនេះហើយមិនមានរោគសញ្ញាអ្វីទេ មិនចាំបាច់ជៀសវាងជាដាច់ខាតឡើយ។
ទី២៖ ចេកជាមួយទឹកដោះគោ។ ទឹកដោះគោមានជាតិស្ករធម្មជាតិឈ្មោះឡាក់តូស (Lactose) ខណៈចេកមានកាបូអ៊ីដ្រាតខ្សែខ្លីមួយចំនួន ដែលមនុស្សខ្លះអាចរំលាយបានពិបាក។ អ្នកដែលខ្វះអង់ស៊ីមរំលាយឡាក់តូស អាចមានអាការៈហើមពោះ ឈឺពោះ ឬរាគក្រោយផឹកទឹកដោះគោ។ ដូច្នេះ ប្រសិនបើអ្នកមានរោគសញ្ញាក្រោយទទួលទានជាមួយគ្នា គួរសង្កេតប្រតិកម្មរបស់រាងកាយ និងសាកល្បងកាត់បន្ថយអាហារដែលបង្កបញ្ហា។
ទី៣៖ ចេកជាមួយនំប៉័ង ឬអាហារធ្វើពីស្រូវសាលី។ អាហារដូចជា នំប៉័ង នំផេនខេក ឬនំប៉័ងដាក់ចេក អាចមិនសូវសមស្របសម្រាប់មនុស្សដែលងាយប្រតិកម្មនឹងកាបូអ៊ីដ្រាតខ្សែខ្លីប្រភេទ FODMAP ឬមានបញ្ហាក្រោយញ៉ាំអាហារធ្វើពីស្រូវសាលី។ ពួកគេអាចមានអាការៈហើមពោះ មិនរំលាយអាហារ ឬមិនស្រួលក្នុងពោះ ប៉ុន្តែមិនមានន័យថាការញ៉ាំអាហារទាំងនេះជាមួយគ្នាមានគ្រោះថ្នាក់ចំពោះមនុស្សទូទៅនោះទេ។
ជារួម មិនចាំបាច់ជៀសវាងការញ៉ាំចេកជាមួយយ៉ាអួ ទឹកដោះគោ ឬនំប៉័ងឡើយ ប្រសិនបើអ្នកទទួលទានហើយមិនមានរោគសញ្ញា។ អ្វីសំខាន់គឺសង្កេតមើលប្រតិកម្មរបស់រាងកាយ និងរក្សារបបអាហារឱ្យមានតុល្យភាព។ ប្រសិនបើការហើមពោះ ឈឺពោះ ឬរាគកើតឡើងញឹកញាប់ ឬមានរោគសញ្ញាធ្ងន់ធ្ងរ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់៕