យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយបានរកឃើញថា ស្ត្រីដែលរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ទំនងជាពេញចិត្តនឹងជីវិតផ្លូវភេទ និងទំនាក់ទំនងស្នេហារបស់ខ្លួនជាងអ្នកដែលរួមភេទមិនសូវញឹកញាប់។ ទោះជាយ៉ាងណា លទ្ធផលនេះមិនមានន័យថា ការរួមភេទញឹកញាប់តែងតែធ្វើឱ្យស្ត្រីមានសុភមង្គលជាងមុននោះទេ។
ការសិក្សានេះបានស្ទង់មតិស្ត្រីចំនួន ៤៨៣នាក់ នៅប្រទេសនូវែលសេឡង់។ ក្នុងចំណោមនោះ ស្ត្រីដែលរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ មាន ៨៥% រាយការណ៍ថាពេញចិត្តនឹងជីវិតផ្លូវភេទ និងទំនាក់ទំនងរបស់ខ្លួន ខណៈក្រុមដែលរួមភេទម្តងក្នុងមួយខែមាន ៦៦% និងក្រុមដែលរួមភេទតិចជាងនេះមាន ១៧%។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា លទ្ធផលនេះបង្ហាញពីទំនាក់ទំនងរវាងភាពញឹកញាប់នៃការរួមភេទ និងការពេញចិត្តក្នុងជីវិតគូ ប៉ុន្តែមិនអាចបញ្ជាក់ថា ការរួមភេទញឹកញាប់ជាមូលហេតុធ្វើឱ្យស្ត្រីមានសុភមង្គលបានទេ។ ផ្ទុយទៅវិញ អ្នកដែលមានទំនាក់ទំនងល្អ និងមានសុភមង្គលរួចហើយ ក៏អាចមានភាពស្និទ្ធស្នាលជាមួយដៃគូញឹកញាប់ជាងដែរ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺស្ត្រីដែលទទួលបានការឈានដល់ចំណុចកំពូលញឹកញាប់ ជាទូទៅទំនងជាពេញចិត្តនឹងជីវិតផ្លូវភេទជាង។ ប៉ុន្តែអ្នកដែលឈានដល់ចំណុចកំពូលរាល់ពេលរួមភេទ មិនមែនជាក្រុមដែលពេញចិត្តបំផុតជានិច្ចនោះទេ។ នេះបង្ហាញថា ភាពស្កប់ស្កល់ក្នុងជីវិតគូមិនចាំបាច់អាស្រ័យលើចំណុចនេះរាល់លើកឡើយ។
ជារួម សុភមង្គលក្នុងជីវិតគូមិនអាស្រ័យតែលើភាពញឹកញាប់នៃការរួមភេទទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងការយល់ចិត្ត ការប្រាស្រ័យទាក់ទង ភាពស្និទ្ធស្នាល និងតម្រូវការរបស់មនុស្សម្នាក់ៗផងដែរ។ ការសិក្សានេះមានកម្រិតកំណត់ ដូច្នេះមិនគួរយកលទ្ធផលទៅសន្និដ្ឋានចំពោះស្ត្រីគ្រប់រូបឡើយ៕