យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្រកទម្ងន់មិនគួរពឹងផ្អែកលើការអត់អាហារ ឬបង្ខំខ្លួនខ្លាំងពេកទេ។ ប្រភពណែនាំឱ្យចាប់ផ្តើមពីការយល់ដឹងអំពីរាងកាយ របៀបរស់នៅ និងទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន រួចកំណត់គោលដៅដែលសមស្រប និងអាចអនុវត្តបានជាក់ស្តែង ដោយកត់ត្រាការរីកចម្រើនរបស់ខ្លួនជាប្រចាំ។
ចំពោះអាហារ គួរញ៉ាំអាហារឱ្យបានចម្រុះ មានបន្លែ ផ្លែឈើ ប្រូតេអ៊ីន និងជាតិសរសៃ ហើយជ្រើសរើសអាហារដែលមានសារធាតុចិញ្ចឹមល្អ និងកាត់បន្ថយអាហារកែច្នៃ អាហារចៀន អាហារផ្អែម និងភេសជ្ជៈមានជាតិស្ករខ្ពស់។ គួរញ៉ាំយឺតៗ ទំពារឱ្យម៉ត់ ផឹកទឹកគ្រប់គ្រាន់ រៀបចំអាហារដោយខ្លួនឯង និងអាចកត់ត្រាអ្វីដែលបានញ៉ាំ ដើម្បីជួយគ្រប់គ្រងទម្លាប់អាហារ។
ក្រៅពីអាហារ ការគេង និងការគ្រប់គ្រងអារម្មណ៍ក៏មានសារៈសំខាន់។ គួរគេងឱ្យបានគ្រប់គ្រាន់ ប្រហែល ៧–៨ម៉ោងក្នុងមួយថ្ងៃ ស្វែងរកសកម្មភាពជួយបន្ធូរភាពតានតឹង និងហាត់ប្រាណជាប្រចាំ។ ប្រភពក៏បានលើកឡើងពីការផឹកតែរុក្ខជាតិ និងការប្រើផលិតផលបន្ថែមអាហារ ប៉ុន្តែសម្រាប់ផលិតផលបន្ថែមអាហារ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត និងជ្រើសរើសផលិតផលដែលមានសុវត្ថិភាព។
ការស្រកទម្ងន់ត្រូវការពេលវេលា និងការតស៊ូ ដូច្នេះមិនគួរបាក់ទឹកចិត្តនៅពេលមានថ្ងៃខ្លះញ៉ាំលើស ឬមិនអាចអនុវត្តបានតាមផែនការ។ ការមានមិត្តរួមដំណើរ ក្រុមគាំទ្រ និងផ្តល់រង្វាន់តូចៗដល់ខ្លួនឯងនៅពេលសម្រេចបានគោលដៅ អាចជួយបង្កើនកម្លាំងចិត្តឱ្យបន្តបានយូរ។
ជារួម គួរបង្កើតទម្លាប់ដែលអាចធ្វើបានជាប្រចាំ ដូចជា មិនរំលងអាហារពេលព្រឹក ជ្រើសរើសអាហារផ្អែមពីធម្មជាតិ កាត់បន្ថយ ឬជៀសវាងស្រា ឈប់ជក់បារី និងពិនិត្យសុខភាពជាប្រចាំ។ ការស្រកទម្ងន់ដែលមានសុវត្ថិភាព មិនមែនធ្វើឱ្យស្រកលឿនបំផុតទេ ប៉ុន្តែជាការផ្លាស់ប្តូរទម្លាប់បន្តិចម្តងៗ ដែលអាចរក្សាបានរយៈពេលវែង និងជួយឱ្យមានសុខភាពល្អ៕