យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា ចង់ស្រកទម្ងន់ត្រូវអត់អាហារ កាត់បាយ ឬជៀសវាងអាហារជាច្រើនមុខ។ ប៉ុន្តែអ្នកជំនាញលើកឡើងថា ការសម្រកទម្ងន់មិនមែនមានន័យថាត្រូវញ៉ាំតិចបំផុតទេ ប៉ុន្តែគួរជ្រើសរើសអាហារឱ្យត្រឹមត្រូវ គ្រប់គ្រងបរិមាណ និងរក្សាទម្លាប់ល្អឱ្យបានជាប់លាប់។
ទម្លាប់ទី១ ញ៉ាំប្រូតេអ៊ីនឱ្យគ្រប់គ្រាន់ ដូចជា ត្រី ស៊ុត សាច់សុទ្ធ បង្គា និងសណ្តែក ដើម្បីជួយរក្សាសាច់ដុំ និងឱ្យឆ្អែតបានយូរ។ ទម្លាប់ទី២ អាចញ៉ាំអាហារសម្រន់ក្នុងបរិមាណសមរម្យ ដូចជា យ៉ាអួរមិនផ្អែម ផ្លែឈើ ឬគ្រាប់អាល់ម៉ុនបន្តិច ដើម្បីកុំឱ្យឃ្លានខ្លាំង និងញ៉ាំច្រើននៅពេលបន្ទាប់។
ទម្លាប់ទី៣ កុំកាត់អាហារម្សៅទាំងស្រុង ប៉ុន្តែជ្រើសរើសអង្ករសម្រូប អូត ដំឡូងជ្វា ឬនំប៉័ងធញ្ញជាតិពេញមូល ដែលមានជាតិសរសៃ និងជួយឱ្យឆ្អែតបានយូរ។ ទម្លាប់ទី៤ កាហ្វេ ឬតែមិនផ្អែម អាចជាជម្រើសដែលមានកាឡូរីទាប ប៉ុន្តែគួរកាត់បន្ថយស្ករ ក្រែម និងស៊ីរ៉ូដែលបន្ថែមចូល។
ទម្លាប់ទី៥ គេងឱ្យគ្រប់ ព្រោះការគេងមិនគ្រប់អាចធ្វើឱ្យឃ្លាន និងចង់ញ៉ាំអាហារផ្អែមកាន់តែច្រើន។ ទម្លាប់ទី៦ ក្រោយហាត់ប្រាណមិនចាំបាច់អត់អាហារ អាចញ៉ាំអាហារស្រាលដែលមានប្រូតេអ៊ីន និងអាហារម្សៅក្នុងបរិមាណសមរម្យ ដើម្បីជួយស្តារថាមពល និងសាច់ដុំ។
សរុបមក ការស្រកទម្ងន់ដោយមានប្រសិទ្ធភាពមិនចាំបាច់ត្រូវអត់អាហារទេ។ ការញ៉ាំអាហារមានតុល្យភាព ជ្រើសរើសអាហារដែលមានជីវជាតិ គ្រប់គ្រងបរិមាណ គេងឱ្យគ្រប់ និងធ្វើសកម្មភាពរាងកាយជាប្រចាំ គឺជាទម្លាប់សំខាន់ៗដែលអាចជួយគ្រប់គ្រងទម្ងន់ និងរក្សារាងឱ្យបានយូរ៕