យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រកទម្ងន់មិនមែនមានន័យថា ត្រូវអត់អាហារ ឬកាត់អាហារមួយប្រភេទចោលទាំងស្រុងនោះទេ។ អ្វីដែលសំខាន់គឺជ្រើសរើសអាហារឱ្យត្រឹមត្រូវ គ្រប់គ្រងបរិមាណ និងបង្កើតទម្លាប់ដែលអាចរក្សាបានយូរ ដើម្បីជួយស្រកខ្លាញ់ និងថែសុខភាព។
គន្លឹះទី១ ញ៉ាំប្រូតេអ៊ីនឱ្យគ្រប់គ្រាន់ ដូចជា ត្រី ស៊ុត សាច់សុទ្ធ បង្គា និងសណ្តែក ដើម្បីជួយរក្សាសាច់ដុំ និងឱ្យឆ្អែតបានយូរ។ គន្លឹះទី២ កុំរំលងអាហារសម្រន់ទាំងស្រុង ប៉ុន្តែជ្រើសរើសអាហារស្រាលៗ ដូចជា យ៉ាអួរមិនផ្អែម ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ ក្នុងបរិមាណសមរម្យ ដើម្បីកុំឱ្យឃ្លានខ្លាំងនៅពេលបន្ទាប់។
គន្លឹះទី៣ កុំកាត់អាហារម្សៅទាំងស្រុង។ អាចជ្រើសរើសបាយអង្ករសម្រូប អូត ដំឡូងជ្វា ឬនំប៉័ងធញ្ញជាតិពេញមូល ដែលមានជាតិសរសៃ និងជួយឱ្យឆ្អែតបានយូរ។ គន្លឹះទី៤ ជ្រើសរើសកាហ្វេ ឬតែមិនផ្អែម ប្រសិនបើសមស្របសម្រាប់ខ្លួន ដើម្បីកាត់បន្ថយកាឡូរីពីស្ករ និងស៊ីរ៉ូ។
គន្លឹះទី៥ គឺគេងឱ្យគ្រប់ និងញ៉ាំបន្ទាប់ពីហាត់ប្រាណឱ្យសមស្រប។ ការគេងមិនគ្រប់អាចធ្វើឱ្យឃ្លាន និងចង់ញ៉ាំអាហារផ្អែមកាន់តែច្រើន ខណៈក្រោយហាត់ប្រាណ រាងកាយត្រូវការអាហារមានប្រូតេអ៊ីន និងថាមពលបន្តិច ដើម្បីជួយស្តារសាច់ដុំ និងថាមពល។
សរុបមក ការស្រកខ្លាញ់មិនចាំបាច់ត្រូវអត់អាហារទេ។ ញ៉ាំឱ្យត្រឹមត្រូវ គេងឱ្យគ្រប់ ហាត់ប្រាណជាប្រចាំ និងរក្សាទម្លាប់ល្អឱ្យបានយូរ គឺជាគន្លឹះសំខាន់សម្រាប់ជួយគ្រប់គ្រងទម្ងន់ និងឱ្យរាងស្វែលស្អាតដោយមានសុខភាពល្អ៕