យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីមានសមាមាត្រជិត ២ភាគ៣ នៃអ្នកកើតជំងឺភ្លេចភ្លាំងនៅទូទាំងពិភពលោក។ កន្លងមក កត្តាដែលគេតែងលើកឡើងគឺ ស្ត្រីមានអាយុជាមធ្យមវែងជាងបុរស។ ប៉ុន្តែការសិក្សាថ្មីមួយនៅសហរដ្ឋអាមេរិកបង្ហាញថា ភាពខុសគ្នានេះអាចពាក់ព័ន្ធនឹងកត្តាសុខភាព និងរបៀបរស់នៅជាច្រើនទៀត។
ការសិក្សាលើមនុស្សចាស់ជាង ១៧,០០០នាក់ បានពិនិត្យកត្តាហានិភ័យ ១៣ប្រភេទដែលពាក់ព័ន្ធនឹងការថយចុះសមត្ថភាពគិត និងចងចាំ។ លទ្ធផលបង្ហាញថា ស្ត្រីមានអត្រាជួប ជំងឺធ្លាក់ទឹកចិត្ត ១៧% ប្រៀបនឹង ៩% នៅបុរស មិនសូវធ្វើសកម្មភាពរាងកាយ ៤៨% ប្រៀបនឹង ៤២% និងមានបញ្ហាការគេង ៤៥% ប្រៀបនឹង ៤០%។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកត្តាខ្លះអាចប៉ះពាល់ដល់សមត្ថភាពគិត និងចងចាំរបស់ស្ត្រីខ្លាំងជាងបុរស។ ជាពិសេស បញ្ហាបេះដូង និងការប្រែប្រួលទាក់ទងនឹងទម្ងន់ និងសម្ពាធឈាម ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយការថយចុះសមត្ថភាពគិតនៅស្ត្រី។ សូម្បីតែបញ្ហាមួយចំនួនដែលកើតមានច្រើនជាងនៅបុរស ដូចជា ការស្តាប់មិនសូវល្អ និងជំងឺទឹកនោមផ្អែម ក៏អាចមានឥទ្ធិពលលើការគិតរបស់ស្ត្រីខ្លាំងជាងនៅក្នុងការសិក្សានេះ។
នៅផ្នែកការពារ អ្នកស្រាវជ្រាវលើកឡើងថា កត្តាហានិភ័យជាច្រើនអាចកែប្រែបានតាមរយៈការថែសុខភាព និងរបៀបរស់នៅ។ ស្ត្រីគួរយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ជាពិសេសការសម្គាល់ និងព្យាបាលជំងឺធ្លាក់ទឹកចិត្ត ធ្វើសកម្មភាពរាងកាយជាប្រចាំ គេងឱ្យមានគុណភាព និងគ្រប់គ្រងបញ្ហាសុខភាពដូចជា សម្ពាធឈាមខ្ពស់។
ការសិក្សានេះបង្ហាញថា ជំងឺភ្លេចភ្លាំង មិនគួរត្រូវបានចាត់ទុកថាជាលទ្ធផលនៃអាយុចាស់តែប៉ុណ្ណោះទេ។ សុខភាព និងរបៀបរស់នៅអស់រយៈពេលជាច្រើនឆ្នាំក៏អាចពាក់ព័ន្ធនឹងហានិភ័យនៃការថយចុះសមត្ថភាពគិត និងចងចាំផងដែរ។ ដូច្នេះ ការចាប់ផ្តើមថែសុខភាពតាំងពីមុន អាចជាជំហានសំខាន់មួយសម្រាប់ការពារសុខភាពខួរក្បាលនៅពេលអាយុកាន់តែច្រើន៕