យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបានលើកឡើងថា មហារីកអូវែមិនបណ្តាលមកពីទម្លាប់តែមួយជាក់លាក់ទេ ហើយមូលហេតុរបស់ជំងឺនេះមានភាពស្មុគស្មាញ។ ទោះជាយ៉ាងណា ទម្លាប់រស់នៅមិនសូវល្អរយៈពេលយូរ ដូចជា គេងយប់ជាញឹកញាប់ មិនសូវធ្វើចលនា ឡើងទម្ងន់ និងញ៉ាំអាហារមានស្ករ ឬខ្លាញ់ច្រើន អាចប៉ះពាល់ដល់សុខភាពទូទៅ និងការធ្វើការរបស់រាងកាយ។
ទម្លាប់ទី១ គឺគេងយប់ជាប្រចាំ និងរស់នៅមិនទៀងទាត់ ដែលអាចធ្វើឱ្យរាងកាយស្តារខ្លួនមិនបានល្អ និងប៉ះពាល់ដល់សុខភាពទូទៅ។ ទម្លាប់ទី២ គឺអង្គុយច្រើន និងមិនសូវហាត់ប្រាណ ដែលអាចនាំឱ្យឡើងទម្ងន់ និងបញ្ហាការប្រើប្រាស់ថាមពលរបស់រាងកាយ។ ដូច្នេះ ការធ្វើសកម្មភាពរាងកាយជាប្រចាំ និងកាត់បន្ថយការអង្គុយយូរ គឺមានសារៈសំខាន់។
ទម្លាប់ទី៣ គឺញ៉ាំអាហារផ្អែម និងអាហារខ្លាញ់ច្រើន ដូចជា អាហារចៀនបំពង នំផ្អែម និងអាហារកែច្នៃញឹកញាប់។ ការញ៉ាំបែបនេះអាចពាក់ព័ន្ធនឹងការឡើងទម្ងន់ និងបញ្ហាសុខភាពមួយចំនួន។ ទម្លាប់ទី៤ គឺភាពតានតឹងផ្លូវចិត្តយូរអង្វែង ដែលអាចរំខានដល់ការគេង និងធ្វើឱ្យរាងកាយស្តារខ្លួនបានមិនល្អ។
ស្ត្រីក៏គួរយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលមិនធម្មតា ដូចជា ពោះហើម ឆ្អែតលឿន ឈឺ ឬធ្ងន់តំបន់អាងត្រគាក នោមញឹក ឬការមករដូវប្រែប្រួលជាប់ៗគ្នា។ រោគសញ្ញាទាំងនេះអាចកើតពីមូលហេតុជាច្រើន មិនមែនមានន័យថាជាមហារីកអូវែជាក់ជាមិនខានទេ ប៉ុន្តែប្រសិនបើបន្តជាច្រើនសប្តាហ៍ គួរទៅពិនិត្យសុខភាព។
ជំនួសឱ្យការភ័យខ្លាច ឬស្វែងរករោគសញ្ញាតាមអ៊ីនធឺណិតហើយសន្និដ្ឋានដោយខ្លួនឯង ស្ត្រីគួរផ្តោតលើការរស់នៅឱ្យមានសុខភាពល្អ គ្រប់គ្រងទម្ងន់ ធ្វើលំហាត់ប្រាណជាប្រចាំ ញ៉ាំអាហារមានតុល្យភាព និងគេងឱ្យបានគ្រប់។ អ្នកដែលមានប្រវត្តិក្នុងគ្រួសារពាក់ព័ន្ធនឹងមហារីកសុដន់ ឬមហារីកអូវែ គួរប្រាប់វេជ្ជបណ្ឌិត ដើម្បីទទួលការណែនាំសមស្រប៕