យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនចូលចិត្តបិទភ្លើងពេលរួមភេទ ព្រោះមានអារម្មណ៍ខ្មាសអៀន ឬមិនទំនុកចិត្តលើរូបរាងរបស់ខ្លួន។ ប៉ុន្តែអ្នកជំនាញផ្នែកអប់រំផ្លូវភេទលើកឡើងថា ការបើកភ្លើង ឬប្រើពន្លឺស្រទន់ អាចជួយឱ្យគូស្នេហ៍មើលឃើញគ្នាច្បាស់ បង្កើនភាពស្និទ្ធស្នាល និងធ្វើឱ្យមានអារម្មណ៍សុវត្ថិភាពជាងមុន។
ទី១ ពន្លឺអាចជួយឱ្យដៃគូ មើលឃើញ និងយល់ពីអ្វីដែលម្នាក់ៗចូលចិត្ត បានងាយជាងមុន។ ទី២ អាចជួយបង្កើន សុវត្ថិភាព ដោយអាចពិនិត្យស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជួយកាត់បន្ថយការរងរបួសដែលអាចកើតឡើងពីការមើលមិនច្បាស់។ ទី៣ ការមើលមុខ និងភ្នែកគ្នា អាចបង្កើនអារម្មណ៍ស្និទ្ធស្នាល និងការតភ្ជាប់ផ្លូវចិត្តរវាងគូស្នេហ៍។
ទី៤ ការមើលប្រតិកម្មលើមុខ និងកាយវិការរបស់ដៃគូ អាចជួយឱ្យយល់ថា តើគេមានអារម្មណ៍សុខស្រួល ឬមិនស្រួល និងអាចកែសម្រួលបានទាន់ពេល។ ទី៥ ការបើកភ្លើងបែបទន់ៗក៏អាចជួយឱ្យមនុស្សមួយចំនួន បង្កើនទំនុកចិត្តលើរាងកាយរបស់ខ្លួន ព្រោះការទទួលយកខ្លួនឯងអាចជួយឱ្យមានអារម្មណ៍ស្រួលក្នុងទំនាក់ទំនងកាន់តែច្រើន។
ទី៦ ពន្លឺអាចធ្វើឱ្យការមើលឃើញរូបរាងរបស់គ្នាទៅវិញទៅមក ក្លាយជាផ្នែកមួយនៃភាពទាក់ទាញ និងអារម្មណ៍រីករាយសម្រាប់មនុស្សមួយចំនួន។ ទី៧ ការបើកភ្លើងអាចជួយឱ្យ មិនងាយងងុយគេង សម្រាប់គូស្នេហ៍ដែលជិតស្និទ្ធគ្នានៅពេលយប់ក្រោយថ្ងៃដែលនឿយហត់ ហើយអាចធ្វើឱ្យមានពេលវេលាសន្ទនា និងភ្ជាប់អារម្មណ៍ជាមួយគ្នាបន្ថែម។
សរុបមក ការបើកភ្លើងពេលរួមភេទ មិនមែនមានន័យថាត្រូវប្រើភ្លើងខ្លាំងនោះទេ។ គូស្នេហ៍អាចជ្រើសរើស ពន្លឺស្រទន់ ឬភ្លើងកម្រិតសមស្រប ដែលធ្វើឱ្យទាំងពីរមានអារម្មណ៍សុខស្រួល។ អ្វីដែលសំខាន់បំផុត គឺការយល់ព្រម ការគោរពគ្នា និងការប្រាស្រ័យទាក់ទងឱ្យបានច្បាស់ ដើម្បីឱ្យទំនាក់ទំនងមានសុវត្ថិភាព និងសុខដុមរមនា៕