យោងតាមការចុះផ្សាយពីប្រភពបរទេស ជោគជ័យរបស់ស្ត្រីមិនចាំបាច់ត្រូវវាស់តាមតំណែងការងារ ឬការក្លាយជាអ្នកគ្រប់គ្រង និងអ្នកបង្កើតអាជីវកម្មនោះទេ។ នៅពីក្រោយភាពជោគជ័យ គឺមានការរៀនសូត្រ ការកសាងសមត្ថភាព ការជ្រើសរើសឱកាស និងការសម្រេចចិត្តជាច្រើន។ សម្រាប់មនុស្សម្នាក់ ជោគជ័យអាចជាការមានជំនាញល្អក្នុងអាជីព ខណៈសម្រាប់ម្នាក់ទៀត អាចជាការមានឯករាជ្យផ្នែកហិរញ្ញវត្ថុ ឬមានពេលវេលាសម្រាប់គ្រួសារ។
ការសិក្សារបស់ McKinsey & Company សហការជាមួយ LeanIn.Org បានបង្ហាញថា ស្ត្រីនៅតែមានមហិច្ឆតាក្នុងការងារដូចបុរស ប៉ុន្តែផ្លូវឆ្ពោះទៅកាន់តំណែងគ្រប់គ្រង និងថ្នាក់ដឹកនាំនៅតែមានគម្លាត។ ក្នុងឆ្នាំ ២០២៤ ស្ត្រីកាន់កាប់ប្រហែល ២៩% នៃតំណែងថ្នាក់ដឹកនាំកំពូល នៅក្រុមហ៊ុនដែលបានស្ទង់មតិនៅសហរដ្ឋអាមេរិក កើនពី ១៧% ក្នុងឆ្នាំ ២០១៥។ ទិន្នន័យនេះបង្ហាញថា ការរីកចម្រើនមាន ប៉ុន្តែមិនស្មើគ្នានៅគ្រប់កម្រិត។
ស្ត្រីដែលឈានទៅមុខក្នុងអាជីព មិនមែនមានតែការខិតខំប្រឹងប្រែងទេ ប៉ុន្តែថែមទាំងចេះជ្រើសរើសបទពិសោធន៍ដែលជួយបង្កើនសមត្ថភាពរបស់ខ្លួន។ ការសម្រេចចិត្តថា តើគួរបន្តការងារដែលមានស្ថិរភាព សាកល្បងវិស័យថ្មី រៀនជំនាញបន្ថែម ឬចំណាយពេលសម្រាប់គ្រួសារ គឺអាស្រ័យលើគោលដៅរបស់មនុស្សម្នាក់ៗ។ អាជីពមិនចាំបាច់ត្រូវរត់ទៅមុខជាប់ជានិច្ចទេ ពេលខ្លះការឈប់សម្រាក ឬបន្ថយល្បឿនក៏អាចជាផ្នែកមួយនៃការរីកចម្រើនដែរ។
ជោគជ័យក៏មិនមានន័យថា ស្ត្រីត្រូវក្លាយជាមនុស្ស “ល្អឥតខ្ចោះ” គ្រប់ផ្នែកក្នុងពេលតែមួយនោះឡើយ។ ការសិក្សារបស់ McKinsey ឆ្នាំ ២០២៤ បានបង្ហាញថា ស្ត្រីប្រហែល ៤នាក់ក្នុងចំណោម ១០នាក់ ដែលមានគូស្នេហ៍ បាននិយាយថា ពួកគេទទួលខុសត្រូវលើការងារផ្ទះភាគច្រើន ឬទាំងស្រុង។ ដូច្នេះ ភាពជោគជ័យរយៈពេលវែងក៏ពឹងផ្អែកលើបរិយាកាសការងារ ឱកាសអភិវឌ្ឍខ្លួន ការគាំទ្រពីអ្នកនៅជុំវិញ និងការចែករំលែកទំនួលខុសត្រូវក្នុងគ្រួសារផងដែរ។
ជោគជ័យអាចចាប់ផ្តើមពីការរៀនជំនាញថ្មី ការហ៊ានផ្លាស់ប្តូរ ការចេះនិយាយថា “ទេ” នៅពេលសមស្រប ឬការយល់ថា តម្លៃរបស់ខ្លួនមិនគួរពឹងផ្អែកតែលើតំណែង និងការទទួលស្គាល់ពីអ្នកដទៃឡើយ។ ដូច្នេះ គ្មានគំរូតែមួយសម្រាប់ស្ត្រីជោគជ័យទេ អ្វីដែលសំខាន់ជាងគេ គឺ ដឹងថាខ្លួនចង់បានជីវិតបែបណា ហើយកសាងវាតាមជំហានដែលសមស្របនឹងខ្លួនឯង៕