យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឱ្យអស់កម្លាំងទេ ប៉ុន្តែអាចប៉ះពាល់ដល់ការគិត និងការចងចាំផងដែរ។ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ McGill ប្រទេសកាណាដា បានរកឃើញថា ការហាត់ប្រាណរយៈពេល ២០នាទី ក្នុងកម្រិតមធ្យមទៅខ្លាំង អាចជួយកាត់បន្ថយផលប៉ះពាល់មួយចំនួនពីការខ្វះដំណេកលើការចងចាំ។
ការសិក្សានេះបានធ្វើលើមនុស្សវ័យក្មេងដែលមានសុខភាពល្អ ៥៤នាក់។ ពួកគេត្រូវភ្ញាក់ជាប់គ្នារយៈពេល ៣០ម៉ោង ហើយបន្ទាប់មកត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមហាត់ប្រាណ ២០នាទី ដូចជាជិះកង់ ក្រុមគេងថ្ងៃ ៩០នាទី និងក្រុមមិនធ្វើសកម្មភាពអ្វីឡើយ។
បន្ទាប់ពីនោះ អ្នកស្រាវជ្រាវបានធ្វើតេស្តសមត្ថភាពចងចាំរបស់អ្នកចូលរួម។ លទ្ធផលបង្ហាញថា ក្រុមដែលហាត់ប្រាណ ២០នាទី ទទួលបានពិន្ទុចងចាំល្អជាងក្រុមដែលមិនបានធ្វើសកម្មភាពប្រមាណ ២២% បន្ទាប់ពីភ្ញាក់ជាប់គ្នា ៣០ម៉ោង។ កម្រិតប្រសើរឡើងនេះ ត្រូវបានរាយការណ៍ថាប្រហាក់ប្រហែលនឹងក្រុមដែលបានគេងថ្ងៃ ៩០នាទី។
ការរកឃើញនេះអាចមានប្រយោជន៍សម្រាប់អ្នកដែលមានពេលវេលាគេងតិច ដោយសារការងារ ឬកាតព្វកិច្ចប្រចាំថ្ងៃ។ ការហាត់ប្រាណរយៈពេលខ្លីអាចជាជម្រើសងាយអនុវត្ត និងអាចជួយរក្សាការភ្ញាក់ខ្លួន និងសមត្ថភាពគិតមួយផ្នែកនៅពេលគេងមិនបានគ្រប់។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការហាត់ប្រាណមិនអាចជំនួសការគេងបានទេ។ លទ្ធផលនេះគ្រាន់តែបង្ហាញថា ការហាត់ប្រាណអាចជួយកាត់បន្ថយផលប៉ះពាល់មួយចំនួនពីការខ្វះដំណេកប៉ុណ្ណោះ។ ដូច្នេះ ដើម្បីថែសុខភាព និងសមត្ថភាពចងចាំរយៈពេលវែង ការគេងឱ្យបានគ្រប់ និងមានគុណភាពនៅតែមានសារៈសំខាន់៕