យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារដែលយើងញ៉ាំរាល់ថ្ងៃ មានផ្នែកសំខាន់មួយក្នុងការជួយថែសុខភាពសក់។ ជាពិសេស អាហារដែលមាន ប្រូតេអ៊ីន ខ្លាញ់ល្អ ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗ អាចជួយឱ្យសក់មានភាពរឹងមាំ។ ប្រសិនបើរាងកាយទទួលសារធាតុចិញ្ចឹមមិនគ្រប់ ក៏អាចពាក់ព័ន្ធនឹងការសក់ជ្រុះបាន។
អាហារទី១ គឺ ស៊ុត ដែលមានប្រូតេអ៊ីន និងសារធាតុមួយចំនួនដែលរាងកាយប្រើសម្រាប់បង្កើតសក់។ អាហារទី២ គឺ ត្រីសាល់ម៉ុន ដែលមានប្រូតេអ៊ីន និងខ្លាញ់ល្អប្រភេទអូមេហ្គា-៣ ដែលអាចជួយគាំទ្រសុខភាពស្បែក និងស្បែកក្បាល។
អាហារទី៣ គឺ បន្លែស្ពៃខ្មៅ ដែលមានជាតិដែក ផូឡាត និងវីតាមីនជាច្រើន។ ជាតិដែកមានតួនាទីជួយដឹកអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ហើយការទទួលជាតិដែកមិនគ្រប់ គឺជាកត្តាមួយដែលអាចពាក់ព័ន្ធនឹងការសក់ជ្រុះ។
អាហារទី៤ គឺ សាច់មិនសូវមានខ្លាញ់ ត្រី សាច់មាន់ និងសណ្តែក ដែលជាប្រភពប្រូតេអ៊ីនល្អសម្រាប់រាងកាយ និងសក់។ អាហារទី៥ គឺ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ដែលមានប្រូតេអ៊ីន ខ្លាញ់ល្អ ជាតិស័ង្កសី និងសារធាតុចិញ្ចឹមផ្សេងៗ អាចញ៉ាំជាអាហារសម្រន់ ឬបន្ថែមក្នុងម្ហូបប្រចាំថ្ងៃបាន។
ជារួម ការញ៉ាំអាហារឱ្យបានចម្រុះ និងគ្រប់គ្រាន់ អាចជួយគាំទ្រសុខភាពសក់ពីខាងក្នុង។ ប៉ុន្តែ សក់ជ្រុះមិនមែនកើតពីការខ្វះអាហារតែមួយមុខទេ ព្រោះក៏អាចពាក់ព័ន្ធនឹងបញ្ហាតំណពូជ ការប្រែប្រួលក្នុងរាងកាយ ភាពតានតឹង ឬបញ្ហាស្បែកក្បាល។ ប្រសិនបើសក់ជ្រុះខ្លាំង សក់ស្តើងជាបន្តបន្ទាប់ ឬជ្រុះជាចំណុចៗ គួរទៅពិនិត្យជាមួយគ្រូពេទ្យ មុននឹងទិញវីតាមីន ឬអាហារបំប៉នមកប្រើដោយខ្លួនឯង៕