យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនចង់សម្រកទម្ងន់ឱ្យបានលឿន ដើម្បីឃើញលទ្ធផលឆាប់ៗ ប៉ុន្តែការកាត់បន្ថយអាហារខ្លាំងពេក និងសម្រកទម្ងន់លឿនជាងធម្មតា អាចបង្កបញ្ហាច្រើន។ ប្រភពបានលើកឡើងថា វាអាចធ្វើឱ្យរាងកាយបាត់បង់សាច់ដុំ និងធ្វើឱ្យការប្រើថាមពលរបស់រាងកាយថយចុះ ដែលអាចធ្វើឱ្យការសម្រកទម្ងន់នៅពេលក្រោយកាន់តែពិបាក។
បញ្ហាផ្សេងទៀតគឺ អាចខ្វះសារធាតុចិញ្ចឹម ប្រសិនបើកាត់បន្ថយអាហារខ្លាំងពេក។ ការញ៉ាំមិនគ្រប់អាចធ្វើឱ្យរាងកាយខ្វះវីតាមីន និងជាតិរ៉ែ ហើយអាចប៉ះពាល់ដល់ការធ្វើការរបស់រាងកាយ។ ការសម្រកទម្ងន់លឿនក៏ត្រូវបានប្រភពលើកឡើងថា អាចបង្កើនហានិភ័យកើត គ្រួសក្នុងថង់ទឹកប្រមាត់ ផងដែរ។
បញ្ហាទី៣ គឺ អារម្មណ៍តានតឹង និងឆាប់ខឹង។ ការរឹតត្បិតអាហារខ្លាំង និងការទទួលថាមពលមិនគ្រប់ អាចធ្វើឱ្យមានអារម្មណ៍ហត់ អស់កម្លាំង តានតឹង និងឆាប់ខឹង។ នៅពេលរាងកាយ និងអារម្មណ៍មិនស្ថិតក្នុងសភាពល្អ ការគ្រប់គ្រងការញ៉ាំអាហារក៏អាចកាន់តែពិបាក ហើយអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
បញ្ហាទី៤ គឺ ទម្ងន់អាចឡើងវិញលឿន បន្ទាប់ពីឈប់រឹតត្បិតអាហារ។ ពេលរាងកាយស៊ាំនឹងការទទួលថាមពលតិច ហើយបន្ទាប់មកត្រឡប់ទៅញ៉ាំដូចធម្មតា ទម្ងន់អាចកើនឡើងវិញ។ បញ្ហាទី៥ គឺ ទល់លាមក ដែលអាចកើតឡើងនៅពេលអាហារប្រចាំថ្ងៃមានសរសៃអាហារមិនគ្រប់។
ជារួម ការសម្រកទម្ងន់មិនគួរប្រញាប់ពេកទេ។ គួរធ្វើបន្តិចម្តងៗ ដោយញ៉ាំអាហារឱ្យបានគ្រប់ បន្ថែមបន្លែ និងអាហារដែលមានសរសៃអាហារ ហើយធ្វើសកម្មភាពរាងកាយជាប្រចាំ។ ការសម្រកទម្ងន់ដែលអាចរក្សាបានយូរ គឺសំខាន់ជាងការសម្រកឱ្យបានលឿនក្នុងរយៈពេលខ្លី៕