យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាតម្រងនោមខ្លះអាចកើតឡើងបន្តិចម្តងៗ ដោយមិនបង្ហាញសញ្ញាច្បាស់នៅដំណាក់កាលដំបូង។ ប៉ុន្តែពេលយប់ អាចមានការប្រែប្រួលមួយចំនួនដែលគួរយកចិត្តទុកដាក់ ជាពិសេសប្រសិនបើសញ្ញាទាំងនេះកើតឡើងញឹកញាប់ ឬកាន់តែខ្លាំង។
សញ្ញាទី១ គឺ ភ្ញាក់ពីដំណេកទៅបន្ទប់ទឹកញឹកញាប់។ ប្រភពបានលើកឡើងថា បើពីមុនមិនសូវភ្ញាក់ ប៉ុន្តែបែរជាត្រូវភ្ញាក់ ២–៥ដងក្នុងមួយយប់ជាបន្តបន្ទាប់ គួរយកចិត្តទុកដាក់។ ទោះជាយ៉ាងណា ការនោមពេលយប់ញឹកញាប់ក៏អាចមានមូលហេតុផ្សេងទៀត ដូចជា ជាតិស្ករក្នុងឈាមខ្ពស់ ជំងឺបេះដូង ឬការផឹកទឹកច្រើនមុនចូលគេង។
សញ្ញាទី២ គឺ ជើងរមាស់រមួល មិនស្រួល និងចង់កម្រើកជើងជាញឹកញាប់ពេលគេង។ សញ្ញាទី៣ គឺ រមួលក្រពើខ្លាំងនៅពេលយប់ ដែលអាចធ្វើឱ្យភ្ញាក់ពីដំណេកដោយឈឺ។ ប្រភពបានពន្យល់ថា ពេលតម្រងនោមធ្វើការមិនល្អ អាចប៉ះពាល់ដល់តុល្យភាពសារធាតុមួយចំនួនក្នុងរាងកាយ ដែលអាចពាក់ព័ន្ធនឹងការរមួលសាច់ដុំ ប៉ុន្តែការរមួលក្រពើក៏អាចមកពីខ្វះទឹក ឬមូលហេតុផ្សេងទៀតផងដែរ។
សញ្ញាទី៤ គឺ រមាស់ខ្លាំង និងរមាស់ជាប់ៗគ្នា ដោយមិនងាយធូរស្បើយ។ សញ្ញាទី៥ គឺ ចង់ក្អួត ឬមិនសូវឃ្លានអាហារ នៅពេលយប់ ឬពេលទើបភ្ញាក់ពីគេង។ ប្រភពបានលើកឡើងថា នៅពេលតម្រងនោមធ្វើការចុះខ្សោយខ្លាំង សារធាតុដែលរាងកាយមិនត្រូវការអាចកើនឡើង និងអាចធ្វើឱ្យមានអាការៈបែបនេះ។
សញ្ញាទាំង ៥នេះ មិនមែនសុទ្ធតែបញ្ជាក់ថាមានជំងឺតម្រងនោមទេ ព្រោះអាចមានមូលហេតុផ្សេងៗទៀត។ ប៉ុន្តែបើមានសញ្ញាថ្មីៗ កើតឡើងជាប់ៗគ្នា ឬកាន់តែធ្ងន់ ជាពិសេសអ្នកមានជាតិស្ករក្នុងឈាមខ្ពស់ សម្ពាធឈាមខ្ពស់ ឬធ្លាប់មានបញ្ហាតម្រងនោម គួរទៅពិនិត្យសុខភាព។ ការពិនិត្យឈាម និងទឹកនោមអាចជួយឱ្យដឹងថា តម្រងនោមកំពុងធ្វើការបានល្អកម្រិតណា៕