យោងតាមការចុះផ្សាយពីប្រភពបរទេស សុខភាពផ្លូវភេទរបស់បុរស អាចប្រែប្រួលដោយសារមូលហេតុជាច្រើន មិនមែនមានតែជំងឺប៉ុណ្ណោះទេ។ ប្រភពបានរាយការណ៍ថា បុរសខ្លះ ទោះមានសុខភាពទូទៅល្អ និងការពិនិត្យមិនឃើញបញ្ហាច្បាស់លាស់ ក៏អាចជួបការលំបាកនៅពេលជិតស្និទ្ធជាមួយដៃគូ។ ដូច្នេះ មានចំណុចសំខាន់ៗ ៥យ៉ាងដែលបុរសគួរយកចិត្តទុកដាក់។
ទី១ ភាពតានតឹង និងការព្រួយបារម្ភ។ អ្នកជំនាញបានលើកឡើងថា ករណីជាច្រើននៅបុរសវ័យក្មេងអាចពាក់ព័ន្ធនឹងការតានតឹង និងការភ័យខ្លាចថាខ្លួនធ្វើមិនបានល្អ។ ការគិតច្រើនអំពីសមត្ថភាពរបស់ខ្លួន អាចធ្វើឱ្យកាន់តែពិបាកនៅពេលជិតស្និទ្ធ។
ទី២ ការដាក់សម្ពាធលើខ្លួនឯង និងខ្លាចមិនអាចបំពេញការរំពឹងទុក។ បុរសខ្លះអាចមានអារម្មណ៍មិនពេញចិត្តចំពោះរូបរាងខ្លួន ឬខ្លាចថាមិនអាចធ្វើបានដូចដែលខ្លួនរំពឹង។ ការព្រួយបារម្ភបែបនេះអាចក្លាយជាវដ្តមួយ គឺកាន់តែខ្លាច កាន់តែពិបាក ហើយបន្ទាប់ពីជួបបញ្ហាម្តង ក៏អាចខ្លាចកើតឡើងម្តងទៀត។
ទី៣ ការមើលមាតិកាផ្លូវភេទ និងសម្ពាធពីបណ្តាញសង្គម។ អ្នកជំនាញបាននិយាយថា ការមើលមាតិកាបែបនេះមិនមានន័យថានឹងបង្កបញ្ហាចំពោះមនុស្សគ្រប់គ្នាទេ ប៉ុន្តែការមើលច្រើនពេក អាចធ្វើឱ្យមនុស្សខ្លះមានការរំពឹងទុកខុសពីជីវិតពិត និងបង្កើនសម្ពាធនៅពេលជិតស្និទ្ធជាមួយដៃគូ។
ទី៤ បញ្ហាសុខភាពរាងកាយ។ ចំពោះបុរសមួយចំនួន បញ្ហាផ្លូវភេទអាចពាក់ព័ន្ធនឹងការលើសទម្ងន់ ជាតិស្ករក្នុងឈាមខ្ពស់ សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ឬបញ្ហាសុខភាពផ្សេងៗ។ នេះជាមូលហេតុដែលការពិនិត្យសុខភាពនៅពេលមានបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ គឺមានសារៈសំខាន់។
ទី៥ ការប្រើថ្នាំមួយចំនួន និងទម្លាប់រស់នៅ។ ប្រភពបានលើកឡើងថា បុរសមួយចំនួនដែលមានជំងឺប្រចាំកាយ និងកំពុងប្រើថ្នាំ អាចជួបបញ្ហាផ្លូវភេទផងដែរ។ ទោះមានថ្នាំដែលអាចជួយបានក្នុងករណីខ្លះក៏ដោយ ក៏មិនគួរយកថ្នាំមកប្រើដោយខ្លួនឯង ដោយមិនរកមូលហេតុជាមុនឡើយ។ ប្រសិនបើបញ្ហាកើតឡើងញឹកញាប់ ឬបន្តយូរ គួរទៅពិនិត្យជាមួយអ្នកជំនាញ ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់៕