តើអ្នកដឹងទេថាឃាតករលាក់មុខនៅទូទាំងពិភពលោក គឺជំងឺបេះដូង? ហើយមួយក្នុងចំណោមមូលហេតុដទៃទៀតដែលបង្កជំងឺនេះ គឺសម្ពាធឈាមឡើងខ្ពស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចគ្រប់គ្រងសម្ពាធឈាមបានយ៉ាងប្រសើរ ដោយគ្រាន់តែទទួលទានតែរុក្ខជាតិបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងតែរុក្ខជាតិដែលបញ្ចុះសម្ពាធឈាម ក៏ដូចជាកម្រិតនៃកូឡេស្តេរ៉ូលមិនល្អផងដែរ ៖
១. តែខ្ញី
ក្រៅពីផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយដោះស្រាយបញ្ហាចង្អោរចង់ក្អួត, ពិបាករំលាយអាហារ, ក្អួត និងច្រាលទឹកអាស៊ីតក្រពះបានយ៉ាងប្រសើរហើយនោះ តែខ្ញីក៏មានប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់ដោះស្រាយបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។
២. តែរមៀត
ក៏មិនខុសពីខ្ញីដែរ រមៀតមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះអ្នកគួរព្យាយាមទទួលទានតែរមៀតជាប្រចាំ។ ក្រៅពីទប់ទល់បញ្ហាសម្ពាធឈាម តែខ្ញីក៏ជួយបំបាត់អាការៈឈឺសាច់ដុំ និងដោះស្រាយបញ្ហាហើមឈឺសន្លាក់ផងដែរ។
៣. តែជីនាងវង
ការទទួលទានតែជីនាងវងឱ្យបានទៀងទាត់ និងរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ ហើយនោះក៏ព្រោះតែវាមានផ្ទុកសារធាតុ eugenol។
៤. តែខ្ទឹមស
តែខ្ទឹមស ជួយរក្សាសុខភាពសសៃឈាមបេះដូង និងសម្ពាធឈាមល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសសៃឈាម, កាត់បន្ថយសម្ពាធឈាម ក៏ដូចជាកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសសៃឈាមផងដែរ។
៥. តែឈើអែម
ឈើអែមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសមាសធាតុជួយបញ្ចុះសម្ពាធឈាម ក៏ដូចជាគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានលក្ខណៈធម្មតាផងដែរ។ ដូច្នេះអ្នកគួរទទួលទានតែឈើអែមជាប្រចាំ ប្រសិនបើចង់បញ្ចុះសម្ពាធឈាម ក៏ដូចជាកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។
ទោះជាយ៉ាងណា តែរុក្ខជាតិមួយចំនួនខាងលើអាចបញ្ចុះសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ូលប្រកបដោយប្រសិទ្ធិភាពបានលុះត្រាតែអ្នកមានរបបអាហារត្រឹមត្រូវ និងតែងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ ដើម្បីជាការប្រសើរក៏កុំភ្លេចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុន ប្រសិនបើអ្នកចង់ទទួលទានតែរុក្ខជាតិណាមួយ ខណៈពេលកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម។ ហើយក៏គួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងទទួលទានតែរុក្ខជាតិទាំងនេះដែរ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន៕