លំពែង (Pancreas) គឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយ ដែលមានតួនាទីផលិតអ័រម៉ូនអាំងស៊ុយលីន (Insulin) សម្រាប់គ្រប់គ្រង និងបំប្លែងកម្រិតស្ករក្នុងឈាមឱ្យទៅជាថាមពល។ ទោះជាយ៉ាងណា ទម្លាប់នៃការញ៉ាំភេសជ្ជៈផ្អែមៗជារៀងរាល់ថ្ងៃ បាននិងកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើលំពែង ដោយបង្ខំឱ្យវាធ្វើការហួសកម្លាំង រហូតឈានទៅរកការចុះទ្រុឌទ្រោម និងបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយមិនដឹងខ្លួន។
ប្រសិនបើអ្នកចង់ការពារលំពែង និងរក្សាកម្រិតស្ករក្នុងឈាមឱ្យមានលក្ខណ ភេសជ្ជៈ ៣ មុខ ដែលអ្នកត្រូរកាត់បន្ថយ ឬចៀសវាងឱ្យបានជាដាច់ខាត ៖
១. ភេសជ្ជៈកំប៉ុង ភេសជ្ជៈកម្លាំង និងទឹកក្រូចស្ករប៉ូវ
ភេសជ្ជៈទាំងនេះផ្ទុកទៅដោយ ស្ករហ្វ្រុកតូស (High-Fructose Corn Syrup) ក្នុងបរិមាណខ្ពស់ហួសប្រមាណ។ នៅពេលអ្នកផឹកវាមួយកំប៉ុង កម្រិតស្ករក្នុងឈាមនឹងស្ទុះឡើងខ្លាំងភ្លាមៗ (Sugar Spike)។
ផលប៉ះពាល់លើលំពែង ៖ លំពែងត្រូវបង្ខំចិត្តបញ្ចេញអាំងស៊ុយលីនយ៉ាងសន្ធឹកសន្ធាប់ក្នុងពេលតែមួយ ដើម្បីសម្រួលកម្រិតស្ករ។ ការធ្វើបែបនេះញឹកញាប់ នឹងធ្វើឱ្យកោសិកាលំពែងឆាប់ខូច និងបង្កឱ្យមានបាតុភូត ស៊ាំនឹងអាំងស៊ុយលីន (Insulin Resistance) ដែលជាដើមហេតុចម្បងនៃជំងឺទឹកនោមផ្អែម។
២. តែគុជ និងកាហ្វេកែច្នៃបន្ថែមស្ករខ្ពស់
ទោះបីជាកាហ្វេខ្មៅគ្មានស្ករមានអត្ថប្រយោជន៍ចំពោះសុខភាពក៏ដោយ ប៉ុន្តែកាហ្វេកែច្នៃនាពេលបច្ចុប្បន្ន (កាហ្វេទឹកដោះគោខាប់ កាហ្វេបន្ថែមក្រែម ស៊ីរ៉ូ ឬតៅហ៊ូ) និងតែគុជ គឺជា «ប៊ូមពេលវេលា» សម្រាប់លំពែងរបស់អ្នក។
ផលប៉ះពាល់លើលំពែង៖ កែវតែគុជ ឬកាហ្វេផ្អែមមួយកែវ អាចមានកាឡូរី និងបរិមាណស្ករស្មើនឹងបាយ ២ ទៅ ៣ ចាន។ ការរួមផ្សំរវាងស្ករកែច្នៃ និងខ្លាញ់ឆ្អែតក្នុងទឹកដោះគោ ធ្វើឱ្យប្រព័ន្ធរំលាយអាហារជួបការលំបាក ព្រមទាំងបណ្តាលឱ្យលំពែងរលាក និងបង្កកើនខ្លាញ់រុំសរីរាង្គខាងក្នុង។
៣. គ្រឿងស្រវឹង និងស្រាបៀរ
គ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញថ្លើមប៉ុណ្ណោះទេ ប៉ុន្តែវាជាសត្រូវលេខ១ នៃលំពែងផងដែរ។
ផលប៉ះពាល់លើលំពែង៖ ការផឹកគ្រឿងស្រវឹងច្រើនជារៀងរាល់ថ្ងៃ បណ្តាលឱ្យសារធាតុពុលប្រែក្លាយជាជាតិអាស៊ីតក្នុងលំពែង បង្កឱ្យកើតជំងឺ រលាកលំពែងស្រួចស្រាវ ឬរ៉ាំរ៉ៃ (Pancreatitis)។ នៅពេលលំពែងរលាក កោសិកាផលិតអាំងស៊ុយលីនត្រូវបានបំផ្លាញ ធ្វើឱ្យរាងកាយលែងមានសមត្ថភាពគ្រប់គ្រងកម្រិតស្ករក្នុងឈាមបានទៀតហើយ។
ចងចាំថា៖ ការកាត់បន្ថយភេសជ្ជៈផ្អែមថ្ងៃនេះ គឺជាការសន្សំអាយុយឺនយូរ និងសុខភាពមាំមួនសម្រាប់លំពែងរបស់អ្នកនៅថ្ងៃស្អែក!