មានករណីខ្លះនៅពេលដែលត្រចៀកស្ទះ គឺបង្កការឈឺចាប់, ពិបាកស្ដាប់លឺ និងអាចដល់ថ្នាក់អតុល្យភាពនៅពេលដើរ ឬឈរថែមទៀតផង។ ការស្ទះក្នុងរន្ធត្រចៀកផ្តល់ផលប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែជាពិសេស គឺកុមារនៅពេលដែលពួកគេជួបប្រទះបញ្ហាឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ ឬរលាក ស៊ីនុស និងតឹងច្រមុះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កត្តាដទៃទៀតដែលអាចបង្កបញ្ហាស្ទះក្នុងត្រចៀក រួមបញ្ចូលទាំងអាចម៏ត្រចៀកឡើងច្រើន, ជំងឺផ្ដាសាយ, ប្រតិកម្មអាឡែកស៊ី ឬឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ និងការដុះដុំសាច់ស្លូត (Benign) ក្នុងត្រចៀក។ ប្រសិនបើអ្នកមានអារម្មណ៍ស្ដាប់មិនសូវលឺ ឬឈឺខ្ទោកៗក្នុងត្រចៀក នោះអ្នកប្រហែលជាកំពុងជួបប្រទះបញ្ហាស្ទះក្នុងត្រចៀកហើយ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗបែបធម្មជាតិ ដោះស្រាយបញ្ហាស្ទះក្នុងត្រចៀក ៖
១. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមប្រេងដើមតែពី ២ ទៅ ៣ ដំណក់ក្នុងទឹកដាំពុះ រួចកូរឱ្យសព្វ។ ផ្អៀងក្បាលឆ្ពុងត្រចៀករបស់អ្នកជាមួយចំហាយចានល្បាយទឹកប្រេងដើមតែ។ ចំហាយទឹកពុះលាយប្រេងដើមតែជួយបន្ធូរការស្ទះក្នុងត្រចៀកបានយ៉ាងប្រសើរ។ ប្រេងដើមតែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក ដូច្នេះវាមានប្រយោជន៍ណាស់ក្នុងស្ថានភាពបែបនេះ។
២. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយ ប៉ុន្តែត្រូវប្រយ័ត្នកុំឱ្យក្ដៅពេក។ បន្តក់សាកលើ-កដៃបន្តិចជាមុនសិននឹងអនុវត្តក្នុងត្រចៀក ដើម្បីប្រាកដថាមិនក្ដៅពេករហូតដល់រលាកស្បែក។ បន្ទាប់មក បន្តក់ប្រេងអូលីវ ១ ទៅ ២ ដំណក់ចូលក្នុងត្រចៀក និងផ្អៀងក្បាលស្ងៀមសម្រាប់រយៈពេលពី ១០ ទៅ ១៥ វិនាទីសិន។ អនុវត្តរូបមន្តនេះឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៥ ថ្ងៃជាប់គ្នា រហូតដល់ទទួលបានលទ្ធផលប្រសើរឡើង។
៣. ស្អំកម្ដៅ ឬឆ្ពុងចំហាយទឹក
សាកល្បងស្អំកម្ដៅលើត្រចៀករបស់អ្នក ឬងូតទឹកក្ដៅក៏បាន។ ការងូតទឹកក្ដៅអាចជួយឆ្ពុងរន្ធត្រចៀកបានយ៉ាងប្រសើរ។ គ្រាន់តែប្រាកដថាអ្នកងូតទឹកក្ដៅបានយ៉ាងហោចណាស់រយៈពេលពី ៥ ទៅ ១០ នាទី៕