ការចង់បានរូបរាងស្អាត និងក្បាលពោះរៀបស្មើ មិនមែនទាល់តែទ្រាំអត់អាហាររហូតដល់ល្វើយនោះទេ។ កត្តាសំខាន់បំផុតនោះគឺ «ការគ្រប់គ្រងជាតិស្ករ» ព្រោះជាតិស្ករលើសដើរតួជាដើមហេតុចម្បងដែលរាងកាយយកទៅស្តុកទុកជាខ្លាញ់នៅតំបន់ក្បាលពោះ។
ប្រសិនបើអ្នកចង់កាត់បន្ថយជាតិស្ករដោយនៅតែរីករាយជាមួយអាហារប្រចាំថ្ងៃបាន ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ ៣ យ៉ាងដែលអ្នកអាចអនុវត្តបានភ្លាមៗ៖
១. ប្តូរ «ភេសជ្ជៈផ្អែម» មកជា «ភេសជ្ជៈធម្មជាតិ ឬតែរុក្ខជាតិ»
ភេសជ្ជៈដូចជា កាហ្វេទឹកដោះគោផ្អែម តែបៃតងដប ភេសជ្ជៈកំប៉ុង ឬកាហ្វេកំប៉ុង សុទ្ធសឹងតែជាប្រភពនៃ ស្ករលាក់មុខ ដែលធ្វើឱ្យអ្នកទទួលទានជាតិស្ករច្រើនលើសលប់ដោយមិនដឹងខ្លួន។
ដំណោះស្រាយ ៖ ព្យាយាមកាត់បន្ថយការកម៉្មង់កម្រិតស្ករ (កាត់មកត្រឹម ២០%-៣០%) ឬប្តូរមកញ៉ាំតែបៃតងក្តៅ ទឹកក្រូចឆ្មារគ្មានស្ករ ឬ ទឹកជីគ្រាប់ chia វិញ ។ ភេសជ្ជៈទាំងនេះមិនត្រឹមតែគ្មានកាឡូរីលើសទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារទៀតផង។
២. បន្ថែម «ជាតិសរសៃ (Fiber) និងប្រូតេអ៊ីន» ក្នុងអាហាររាល់ពេល
ការញ៉ាំបាយស ឬម្សៅកែច្នៃច្រើនពេក ធ្វើឱ្យកម្រិតស្ករក្នុងឈាមឡើងខ្ពស់រហ័ស ដែលបណ្តាលឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនច្រើន ហើយប្រែប្រួលស្ករទាំងនោះទៅជាខ្លាញ់ក្បាលពោះ។
ដំណោះស្រាយ៖ កាត់បន្ថយបរិមាណបាយបន្តិច ហើយជំនួសមកវិញដោយបន្លែបៃតង ផ្លែឈើមានស្ករទាប (ដូចជា ផ្លែប៉ោមក្រហម ឬផ្លែប៊ឺ) ព្រមទាំងអាហារសម្បូរប្រូតេអ៊ីន និងប្រូបាយអូទិក (ដូចជា យ៉ាអ៊ួរ ឬស៊ុត)។ ជាតិសរសៃ និងប្រូតេអ៊ីនជួយពន្យឺតការស្រូបយកជាតិស្ករ ធ្វើឱ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរ។
៣. ផ្លាស់ប្តូរ «លំដាប់នៃការញ៉ាំអាហារ»
តើអ្នកដឹងទេថា ការញ៉ាំអាហារតាមលំដាប់លំដោយត្រឹមត្រូវ អាចជួយកាត់បន្ថយការឡើងកម្រិតស្ករក្នុងឈាមបានរហូតដល់ ៣០%?
ដំណោះស្រាយ៖ នៅពេលញ៉ាំបាយ សូមចាប់ផ្តើមដោយ ៖
-ញ៉ាំបន្លែមុនគេ (ដើម្បីបង្កើតស្រទាប់សរសៃការពារក្នុងក្រពះ)
-ញ៉ាំសាច់/ប្រូតេអ៊ីន
-ញ៉ាំបាយ ឬកាបូអ៊ីដ្រាតជាចុងក្រោយ វិធីនេះជួយឱ្យរាងកាយរំលាយអាហារបានសន្សឹមៗ ដោយមិនបាច់តមអាហារ ឬបង្អត់បាយឡើយ។
ការកាត់បន្ថយស្ករ និងខ្លាញ់ក្បាលពោះ មិនមែនជាការធ្វើទារុណកម្មរាងកាយដោយការអត់អាហារនោះទេ ប៉ុន្តែជា «ការជ្រើសរើសញ៉ាំឱ្យបានឆ្លាតវៃ»។ ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់តូចៗទាំងនេះពីថ្ងៃនេះ ដើម្បីសុខភាពល្អ និងរូបរាងស្អាតមាំមួន ។