ពោះវៀន គឺជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយសម្រាប់ដំណើរការមុខងារប្រព័ន្ធភាពស៊ាំត្រឹមត្រូវ និងរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយការលាងសម្អាតពោះវៀនធំ គឺចាំបាច់ណាស់ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការកាន់តែមានប្រសិទ្ធិភាពផ្ដល់ឱ្យអ្នកនូវសុខភាពរឹងមាំ, ស្រកទម្ងន់ និងមានថាមពល។ ប៉ុន្តែថាតើអ្នកអាចលាងសម្អាតបន្សាបជាតិពុលចេញពីពោះវៀនបានដោយរបៀបណាទៅ? ងាយណាស់! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបសម្អាតពោះវៀនធំបន្សាបជាតិពុលបែបធម្មជាតិតាមរយៈការទទួលទានអាហារ ៖
១. តែបៃតង
តែបៃតង ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីពោះវៀន។ តែបៃតងក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលជួយបង្កើនសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលផងដែរ ដោយកម្ចាត់នូវរាល់ជាតិពុលដែលប្រមូលផ្ដុំក្នុងរាងកាយ។
២. ប្រទាលកន្ទុយក្រពើ
ទឹកប្រទាលកន្ទុយក្រពើមិនត្រឹមតែជួយបង្កើនការរំលាយអាហារល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បន្សាបជាតិពុលចេញពីរាងកាយផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាករបស់វា។
៣. ទឹក
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីសម្អាតពោះវៀនរបស់អ្នក។ ទឹកចាំបាច់ណាស់សម្រាប់ការរំលាយជាតិសសៃបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារសម្បូរដោយជាតិសសៃច្រើន ប៉ុន្តែទទួលទានទឹកតែបន្តិចនោះអ្នកនឹងជួបប្រទះបញ្ហាពិបាករំលាយអាហារ ឬទល់លាមកជាមិនខាន។ ដើម្បីរក្សាបាននូវសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលល្អប្រសើរ ចូរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ និងទទួលទានទឹកច្រើនជាងនេះ ប្រសិនបើអ្នកបង្កើនការទទួលទានអាហារសម្បូរទៅដោយជាតិសសៃ។
៤. ក្រូចឆ្មារ
ក្រូចឆ្មារមិនត្រឹមតែមានផ្ទុកសម្បូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ផងដែរក្នុងការបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ។ ការទទួលទានទឹកក្ដៅឧណ្ហ ១ កែវ លាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ រាល់ព្រឹក គឺនឹងជួយបន្សាបជាតិពុល ក៏ដូចជាសម្អាតពោះវៀន ហើយបង្កើនការរំលាយអាហារបានយ៉ាងប្រសើរ។
៥. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជាសារធាតុចិញ្ចឹមចាំបាច់ជួយក្នុងការសម្អាតពោះវៀនធំបង្កើនការរំលាយអាហារ។ បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ។ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ កុំទទួលទានបន្លែឆៅ ដោយចាំបាច់ត្រូវចម្អិនជាមុនសិនទើបប្រសើរ។
៦. ផ្លែបឺរ
ផ្លែបឺរ មានផ្ទុកទាំងជាតិសសៃរលាយ និងមិនរលាយដែលចាំបាច់ជួយជម្រុញចលនាពោះវៀន ,កម្ចាត់ជាតិពុល និងដោះស្រាយបញ្ហាពិបាករំលាយអាហារបានយ៉ាងប្រសើរ៕