យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកមានសារៈសំខាន់ចំពោះរាងកាយ ព្រោះវាជួយឱ្យរាងកាយដំណើរការបានល្អ ជួយបញ្ចេញកាកសំណល់តាមទឹកនោម ជួយគ្រប់គ្រងកម្តៅក្នុងខ្លួន និងជួយឱ្យសរីរាង្គផ្សេងៗធ្វើការធម្មតា។ ដូច្នេះ នៅពេលផឹកទឹកមិនគ្រប់ រាងកាយអាចបង្ហាញសញ្ញាជាច្រើន ដែលអ្នកគួរយកចិត្តទុកដាក់។ សញ្ញាដំបូងដែលងាយសម្គាល់ គឺ ស្រេកទឹកញឹកញាប់ ព្រោះនៅពេលចាប់ផ្តើមមានអារម្មណ៍ស្រេក រាងកាយអាចកំពុងខ្វះទឹករួចទៅហើយ។
សញ្ញាទី២ គឺ ឃ្លានញឹកញាប់ជាងធម្មតា ព្រោះពេលខ្លះរាងកាយអាចធ្វើឱ្យយើងច្រឡំការស្រេកទឹកជាមួយការឃ្លាន។ សញ្ញាទី៣ គឺ ឈឺក្បាល ដែលអាចកើតឡើងដោយសារខ្វះទឹក។ សញ្ញាទី៤ គឺ ទល់លាមក ព្រោះពេលផឹកទឹកតិច លាមកអាចស្ងួត និងរឹង ធ្វើឱ្យបន្ទោរបង់ពិបាកជាងមុន។
សញ្ញាទី៥ គឺ ងាយហត់ និងមិនសូវមានកម្លាំង។ ប្រសិនបើអ្នកតែងតែពឹងលើកាហ្វេ ឬភេសជ្ជៈផ្អែមដើម្បីបំបាត់ភាពងងុយ គួរបន្ថែមទឹកធម្មតាផង។ សញ្ញាទី៦ គឺ វិលមុខ ខ្សោយខ្លួន ឬមិនស្រួលនៅពេលអាកាសធាតុក្តៅ ជាពិសេសពេលបែកញើសច្រើន ព្រោះការខ្វះទឹកអាចធ្វើឱ្យរាងកាយទ្រាំកម្តៅបានមិនល្អ។
សញ្ញាទី៧ គឺ ពិបាកផ្តោតអារម្មណ៍ ឬមានអារម្មណ៍ថាគិតមិនសូវច្បាស់។ សញ្ញាទី៨ គឺ រាងកាយប្រើថាមពលយឺតជាងមុន ដែលអាចធ្វើឱ្យការគ្រប់គ្រងទម្ងន់កាន់តែពិបាក។ ប្រភពក៏បានលើកឡើងពីការសិក្សាមួយដែលរកឃើញថា ការផឹកទឹកអាចជួយឱ្យរាងកាយប្រើថាមពលបានកាន់តែច្រើនក្នុងរយៈពេលខ្លី។
សញ្ញាទី៩ គឺ បេះដូងលោតលឿនជាងធម្មតា។ នៅពេលរាងកាយខ្វះទឹក បេះដូងអាចត្រូវធ្វើការខ្លាំងជាងមុន ដើម្បីបញ្ជូនឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ដើម្បីជួយបំពេញជាតិទឹក គួរផឹកទឹកជាបន្តបន្ទាប់ពេញមួយថ្ងៃ មិនគួររង់ចាំដល់ស្រេកខ្លាំងទើបផឹក។ តម្រូវការទឹករបស់មនុស្សម្នាក់ៗខុសគ្នា ដូច្នេះគួរផឹកឱ្យសមរម្យតាមសកម្មភាព និងអាកាសធាតុរបស់ខ្លួន៕